អាសូរណាស់! ឧត្ដមសេនីយ៍យោធាចូលនិវត្តន៍មួយរូប ជួបគ្រោះអកុស.ល ពេលជិះម៉ូតូធ្វើដំណើរតាមផ្លូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកឧត្ដមសេនីយ៍យោធាចូលនិវត្តន៍មួយរូប បានជិះម៉ូតូ១គ្រឿងវ៉ាជែងខាងស្ដាំរថយន្តដឹកប្រេងខ្មៅ១គ្រឿងដែលកំពុងបើកស្របទិសគ្នា ហើយបានវាក់ជាមួយរថយន្តភីអាប់១គ្រឿងទៀតដែលកំពុងចតស្ងៀមលើផ្លូវ ។ ខណៈនោះគេចអត់ទាន់ ក៏ចាប់ហ្វ្រាំងឈប់ប្រថុចញ៉ុច បណ្ដាលឲ្យដួលម៉ូតូអូសប្រមាណ៥ម៉ែត្រ ជ្រុលទៅបុកពីក្រោយរថយន្តភីអាប់ចតស្ងៀមនោះ១តង់ទៀត រួចខ្ទាតចូលក្រោមកង់រថយន្តដឹកប្រេងខ្មៅខាងលើ ត្រូវរថយន្តកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យរស្លា.ប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងយ៉ាងអាណោចអធ័ម ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងវិមានសព (ទីលានបញ្ចុះសពយុទ្ធជនវៀតណាម) ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះឡុង មុន្នី ភេទប្រុស អាយុ៦៥ឆ្នាំ ជាឧត្ដមសេនីយ៍យោធាចូលនិវត្តន៍ មានទីលំនៅក្នុងបុរីហុង លី ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកHonda Click ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-5740 ។ រីឯរថយន្តដឹកប្រេងខ្មៅចំណុះ២៤,០០០លីត្រ ម៉ាក Hino ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6332 បើកបរដោយបុរសម្នាក់ឈ្មោះសារិន រ៉ន អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនិងបានគេចខ្លួនបាត់ស្រមោល ។ ដោយឡែករថយន្តភីអាប់ដែលឈប់ចតនៅលើផ្លូវម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-6932 ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបាននិយាយថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានជិះម៉ូតូស្របទិសគ្នាជាមួយរថយន្តHinoដឹកប្រេងខ្មៅក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះបានវ៉ាជែងខាងស្ដាំរថយន្តដឹកប្រេងខាងលើ ហើយបានវាក់ជាមួយរថយន្តភីអាប់សាំយ៉ុង ដែលកំពុងឈប់ចតស្ងៀមនៅលើផ្លូវ ។ ពេលនោះធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងឈប់យ៉ាងប្រថុចញ៉ុច បណ្ដាលឲ្យដួលម៉ូតូអូសចម្ងាយប្រមាណ៥ម៉ែត្រជ្រុលទៅបុកពីក្រោយរថយន្ត សាំយ៉ុង ១តង់ទៀត រួចខ្ទាតចូលក្រោមកង់រថយន្តដឹកប្រេងខ្មៅត្រូវរថយន្តនោះកិនអូសជិត១០ម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។
ក្រោយពេលកិនជនរងគ្រោះស្លាប់រួច រថយន្តដឹកប្រេងខ្មៅខាងលើបានឈប់ស្ងៀម ហើយសាកសពបុរសរងគ្រោះស្ថិតនៅក្រោមរថយន្ត ចំណែកឯបុរសដែលជាអ្នកបើកបររថយន្តដឹកប្រេងខ្មៅនោះបាននិយាយថា គាត់មិនបានបើកបុកបុរសជនរងគ្រោះនោះទេ ខណៈដែលរថយន្តគាត់កំពុងបើកទៅមុខ ស្រាប់តែជនរងគ្រោះជិះម៉ូតូវ៉ារថយន្តគាត់ពីខាងស្ដាំ ។ ពេលនោះមកចាប់ហ្វ្រាំងដួលអូសទៅបុកពីក្រោយរថយន្តសាំយ៉ុងកំពុងឈប់លើផ្លូវ រួចទើបខ្ទាតចូលក្រោមកង់រថយន្តគាត់ និងត្រូវរថយន្តកិនស្លាប់បែបនេះតែម្ដង ។
បន្ទាប់ពីនិយាយរួច បុរសនោះក៏បានរត់ឡើងជិះម៉ូតូកង់បី១គ្រឿងគេចខ្លួនបាត់ ។ ដោយឡែកនគរបាលប៉ុស្តិ៍កាកាបទី២និងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅកាន់ទីនោះសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកកស្ទះ រួចរាយការណ៍ទៅកាន់ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ