ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​អំ​ពូ​ល​ពិ​ដាន ​បង្ក​ការ​ឆាបឆេះ​ផ្ទះ​វីឡា​កូនកាត់ផ្អើលទាំងកណ្តាលអធ្រាត្រ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​មួយ​ បាន​កើតឡើង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​វីឡា​កូនកាត់​​លក់​ស្បែកជើង​ និង​សម្លៀក​បំពាក់​មួយ​កន្លែង បណ្ដាល​ឲ្យ​ផ្ទះ​ខាងលើ​រួម​ទាំង​ទំនិញ​នៅ​ក្នុង​នោះ​មួយ​ចំនួន​ធំ​បាន​រង​ការ​ខូចខាត ប៉ុន្តែ​សំណាង​ផង​ដែរ ដែល​ពុំ​បាន​​បណ្ដាលឱ្យម្ចាស់ផ្ទះ​ខាងលើ​រង​របួស​នោះ​ឡើយ ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ បាន​កើតឡើង កាលពី​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១២​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​វីឡា​កូនកាត់​លេខ​A១៧០ ផ្លូវ​លេខ​២០​បុរី ម៉​ន​ដា​នី​គម្រោង​ទី​១០ ស្ថិត​នៅ​ក្នុងភូមិ​តា​អិន សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​វីឡា​កូនកាត់​ដែល​រង​ការ​ឆាបឆេះ​នោះ ​ជា​ប្រភេទ​សំណង់​ថ្ម​ទំហំ​ទទឹង​១០​ម៉ែត្រ និង​បណ្ដោយ​១១​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ​ ពៅ សា​រ៉េ​ត ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​លក់​ស្បែកជើង និង​សម្លៀក​បំពាក់ ។ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ខណៈ​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់ ស្រាប់តែ​មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​អំ​ពូ​ល​ភ្លើង​ពិ​ដាន​ក្នុងផ្ទះ បង្ក​ឲ្យ​មានការ​ឆាបឆេះ​ផ្ទះ ​និង​សម្ភារទំនិញ​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ម្ចាស់ផ្ទះ​​ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​ទាន់​ពេល ទើប​គ្មាន​អ្នក​គ្រោះ​ឡើយ ។ បន្ទាប់​មក ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នោរ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើ​ហេតុ​ខាងលើ រួច​ផ្ដល់​ដំណឹង​ដល់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ទឹក​ពន្លត់ភ្លើង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់​ចំនួន​៤​គ្រឿង ក្នុង​នោះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង ។ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បុរី​សង្ឃឹម​ថ្មី​ចំនួន​២​គ្រឿង ហើយ​បាន​ពន្លត់​រយៈពេល​កន្លះ​ម៉ោង​ក្រោយមក ​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ចំណែក​ផ្ទះ​នោះ​រួម​ទាំង​សម្ភារ​ទំនិញ​នៅ​ក្នុង​នោះ​មួយ​ចំនួន​ធំ​បាន​រង​ការ​ខូចខាត ៕