បើកឡាន Prius បម្រុងចូលចា.ក់សាំង បែរជាជ្រុលបុ.កទូម៉ាស៊ីនចា.ក់សាំងយ៉ាងពេញទំហឹង ផ្អើលសង្កាត់ផ្សារដើមថ្កូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តចូលស្ថានីយប្រេង បម្រុងចាក់សាំង បែរជាជ្រុលចង្កូតបុកទូម៉ាស៊ីនចាក់សាំង បណ្តាលឲ្យខូចខាតទូម៉ាស៊ីនចាក់សាំង ព្រមទាំងរថយន្ត ប៉ុន្តែមិនបង្កជាអគ្គិភ័យ ឬគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ឈានចូលព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេងឥន្ធន:មួយកន្លែង យីហោ លីមឡុង ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0993 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ ពីលិចទៅកើត ក្នុងគោលបំណងបត់ចូលចាក់សាំង នៅហ្គារ៉ាសសាំងខាងលើ ។
តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចកើតហេតុ បុគ្គលិកអ្នកចាក់សាំង បានធ្វើដៃជាសញ្ញា ដើម្បីអោយរថយន្តបត់ចូលគោលដៅចាក់សាំង ប៉ុន្តែរថយន្តមិនបានបង្អន់ល្បឿន បែរជាបង្កើនល្បឿន ក៏ជ្រុលចង្កូតទៅបុកទូម៉ាស៊ីនចាក់សាំងយ៉ាងពេញទំហឹង បណ្តាលឱ្យខូចខាតទូម៉ាស៊ីនចាក់សាំងចំនួន១ទូ ចំណែករថយន្តរងការខូចខាតមួយកំណាត់ផ្នែកខាងមុខផងដែរ ។
គួរបញ្ជាក់ថា ករណីខាងលើនេះ មិនបង្កអោយមានមនុស្សណារងរបួសនោះទេ និងមិនបង្កជាអគ្គិភ័យនោះដែរ ប៉ុន្តែបុគ្គលិកដែលនៅទីតាំងខាងលើ បាននាំគ្នាទាញយកបំពង់ឧស្ម័នសម្រាប់ពន្លត់អគ្គិភ័យមករង់ចាំរួចជាស្រេច ដើម្បីបង្ការក្រែងកើតមានភ្លើងឆេះដោយប្រការណាមួយ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ ទុកអោយភាគីខាងរថយន្ត និងម្ចាស់ទីតាំងធ្វើការចរចាដោះស្រាយគ្នា ប្រសិនបើភាគីទាំង២ ដោះស្រាយមិនត្រូវគ្នា សមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមននឹងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយទៀត ៕



ចែករំលែកព័តមាននេះ