ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​មេ​ធំ​ អណ្ដែត​សំរាម​ពេញ​ប្រឡាយ​ និង​លូ ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ​ទី​៣

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ មេឃ​ធ្លាក់​ភ្លៀង​១​ធំ​ នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ប្រឡាយ ​និង​ផ្លូវជាតិ​លេខ​៤​ ចាប់​ចំណុច​ខាងលិច​ស្ពាន​អាកាស​ចោម​ចៅ រហូត​ដល់​ជិត​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​ស្រាប់តែ​មាន​សំរាម​ចម្រុះ​គ្រប់​ប្រភេទ ​បាន​អណ្ដែត​នៅ​ក្នុង​ប្រឡាយ​ និង​លូ​អម​ផ្លូវជាតិ​លេខ​៤​នោះ ​យ៉ាង​ណែនណាន់តាន់តាប់ ខណៈ​ពេល​នោះ ​កម្លាំង​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ ក៏​បាន​លាត់ជើង​ខោ មូរដៃអាវ ចេញ​ទៅ​កាយ​ស្រង់​យក​សំរាម​ទាំងនោះ​ចេញពី​ប្រឡាយ​ទាំង​មេឃ​កំពុង​ភ្លៀង​តែ​ម្ដង ។

បញ្ហា​ដែល​បាន​កើតឡើង​ខាងលើ​នេះ ​គឺ​ដោយសារ​តែ​ប្រជា​ពេល​រដ្ឋ​មួយ​ចំនួន ​នៅ​តែ​គ្មាន​ការ​យល់​ដឹង ឬ​មិន​ព្រម​បោះបង់​គំនិត​រាយមាយ​របស់​ខ្លួន​ចេញ ពួក​គាត់​ទាំង​មិន​បាន​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ​ពួក​គាត់​បាន​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល គ្មាន​សណ្ដាប់ធ្នាប់ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​រថយន្ត​ប្រមូល​សំរាម​មិន​អាច​ប្រមូល​យក​ចេញ​បាន លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​សំរាម​ទាំងនោះ ក៏​បាន​អណ្ដែត​ហូរ​ចូល​ប្រឡាយ​ និង​លូ​ បែប​នេះ ។

ទោះបីជា​កន្លង​មក​អាជ្ញាធរ​ ចាប់ពី​ថ្នាក់​ក្រោម​រហូត​ដល់​លើ យកចិត្តទុកដាក់​គិតគូ​កាយ​ស្ដារ​ប្រឡាយ ដើម្បី​រំដោះ​ទឹក និង​គិតគូ​អំពី​បញ្ហា​សំរាម​នេះ​ជា​ចម្បង​ ដើម្បី​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ទាំងមូល។ ជា​ពិសេស​គិតគូ​ពី​អនាម័យ ​ដើម្បី​សុខមាលភាព​មនុស្ស​ជា​ទូទៅ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​មិន​បាន​ឲ្យ​ធ្វើ​ឲ្យ​ប្រឡាយ​ និង​លូ​គ្មាន​សំរាម​ទទេ​ស្អាត​បាន​នោះ​ឡើយ នៅ​ក្នុង​ប្រឡាយ​ និង​លូ​ខាងលើ​ នៅ​តែ​ពោរពេញ​ទៅ​ដោយ​សំរាម ។

មិនតែប៉ុណ្ណោះ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​លួច​បោះចោល​សំរាម​ក្នុង​ប្រឡាយ​ទឹក​នោះ​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រឡាយ​និង​លូ​រង​ការ​កកស្ទះ​ទឹក​មិន​អាច​ហូរ​បាន​លឿន ឬ​មិន​អាច​ហូរ​រួច​តែ​ម្ដង ហើយ​ក្រោយ​ពេល​រាំងភ្លៀង​ធ្វើ​ឲ្យ​ទឹក​លិច​ផ្លូវ​យូរ​ច្រើន​ម៉ោង ទើប​ស្រក​ទៅ​វិញ ។ ម្យ៉ាងទៀត​ផ្លូវ​នៅ​ចំណុច​ជិត​ស្ពាន​អាកាស​ចោម​ចៅ​នោះ​ឲ្យ​តែ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ គឺ​ទឹក​ជន់​លិច​ដូច​ផ្លូវ​មួយ​ចំនួន​ទៀត​ដែរ ប៉ុន្តែ​បើ​គ្មាន​សំរាម​រាំងស្ទះ​ទេ ឬ​ក៏​ពុំ​មានការ​ស្ទះ​ទឹក​នៅ​តាម​ប្រឡាយ ឬ​លូ​នៅ​ប៉ែក​ខាងក្រោម​ៗ​ទៀត​នោះ​ទេ ។ ក្រោយ​ពេល​មេឃ​រាំងភ្លៀង​នោះ​ទឹក​និង​ឆាប់​ស្រក​ទៅ​វិញ ប៉ុន្តែ​បើ​មាន​សំរាម​ណែនណាន់តាន់តាប់​បែប​នេះ ហើយ​បើ​គ្មាន​ការ​កាយ​យក​ចេញ​ទៀត​នោះ​ទឹក​និង​មិន​ងាយ​ស្រក​ទៅ​វិញ​ឡើយ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​ចេញ​ទៅ​ស្រង់​សំរាម​ចេញពី​ក្នុង​ប្រឡាយ​ទាំង​ភ្លៀង​បែប​នេះ ។

គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២៥​កន្លង​ទៅ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ហើយ​ប្រឡាយ​និង​លូ​នៅ​ប៉ែក​ខាងក្រោម​ស្ទះ ទៀត​នោះ បាន​ធ្វើ​ឲ្យ​ផ្លូវ​នៅ​តំបន់​ស្ពាន​អាកាស​ចោម​ចៅ​នេះ​លិច​ជា​ច្រើន​ថ្ងៃ ។ ពេល​នោះ​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរ​យ៉ាង​ខ្លាំង រហូត​ដល់​អាជ្ញាធរ​សង្កាត់​ដាក់​ម៉ាស៊ីន​ច្រើន​គ្រឿង​បូមទឹក​ចេញ ទើប​ទឹក​ស្រក​និង​រីង​អស់ពី​ផ្លូវ​ទៅ​វិញ ។

ដោយឡែក​កន្លង​មក​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ តែងតែ​ចុះ​កាយ​ស្រង់​យក​សំរាម​ចេញពី​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤​នោះ​ជា​ញឹកញាប់​រួច​មក​ហើយ និង​តែង​បាន​ណែនាំ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ឲ្យ​ចូលរួម​ចំណែក​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ។ ប៉ុន្តែ​រហូត​ពេល​នេះ នៅ​តែ​មាន​អ្នក​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ដែល​បាន​ធ្វើ​ឲ្យ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលើ​នោះ នៅ​តែ​ពោរពេញ​ទៅ​ដោយ​សំរាម​ដែល ៕