រដ្ឋាភិបាលយេម៉ែនបានចេញការព្រមានកាលពីថ្ងៃទី១០ សីហា ដល់ពួកប្រឆាំងដែលគ្រោងបង្កើតក្រុមប្រឹក្សាមួយ ដើម្បីដឹកនាំប្រទេសក្នុងដំណាក់កាលឆ្លងកាត់ពេលអវត្តមានរបស់ប្រធានាធិបតីលោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ ដោយប្រកាសថា សកម្មភាពជាឯកតោភាគីបែបនេះ នឹងបង្កឱ្យមានសង្គ្រាមស៊ីវិល មួយ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោកអាប់ឌុលអាល់ ចាណាឌី ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយនៅក្រុងសាណាគូសបញ្ជាក់ថា រដ្ឋាភិបាលបានស្នើដល់ពួកប្រឆាំងកុំឱ្យប្រកាសពីការបង្កើតរបស់ដែលហៅថា ក្រុមប្រឹក្សាជាតិដឹកនាំ NRC នាថ្ងៃទី១៧ សីហាខាងមុខនេះ ។
លោកអាល់ ចាណាឌី ដែលក៏ជាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានដែរបន្តទៀតថា ការប្រកាសពីក្រុមប្រឹក្សាមួយបែបនេះវាស្មើនឹងសង្គ្រាមមួយប្រឆាំងបណ្តាស្ថាប័នរដ្ឋធម្មនុញ្ញរបស់ប្រទេសព្រោះវាជាសកម្មភាពជាឯកតោភាគីមួយដែលសំដៅបង្កើតរដ្ឋក្នុងរដ្ឋដែលនឹងធ្វើឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិល ។
ក្រុមចម្រុះប្រឆាំងយេម៉ែនគ្រោងរួមប្រជុំគ្នានាថ្ងៃទី១៧ សីហា សំដៅប្រការពីការបង្កើតក្រុមប្រឹក្សាជាតិដឹកនាំមួយដែលមានទិសដៅដឹកនាំកងកម្លាំងប្រឆាំងលោកសាឡេហ៍ ក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបនយោបាយ ហើយគ្រប់គ្រងប្រទេសក្នុងដំណាក់កាលឆ្លងកាត់ដែលនឹងចាប់ផ្តើម ។ ចំណែកប្រធានាធិបតីយេម៉ែនដែលកំពុងបន្តស្ថិតនៅអារ៉ាប៊ី សាអូឌីត វិញអះអាងថា គ្រោងធ្វើការចរចាជាថ្មីសំដៅឱ្យមានការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រទេសរបស់លោក ។
លោកសាឡេហ៍ បានជួបជាមួយបណ្តាមេដឹកនាំគណបក្សកំពុងកាន់អំណាចក្នុងឱកាសនៃកិច្ចប្រជុំមួយនៅទីក្រុងរីយ៉ាដ ។ លោកសាឡេហ៍ បានយល់ព្រមពិនិត្យមធ្យោបាយទាំងឡាយលើកឡើងដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ CCG ហើយបង្កើតយន្តការមួយដែលនឹងធានាដល់ការផ្ទេរអំណាចដោយសន្តិវិធី ៕
ចែករំលែកព័តមាននេះ