ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រៀបចំ​ដែនដី ចាត់​ទុក​ការ​បង្ហោះ​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា​ និង​ក្រុម​គ្រួសារ គឺជា​ការ​បំភាន់​ព័ត៌មាន បំភ្លៃ​ការ​ពិត និង​បំពុលបរិយាកាស​សង្គម

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន លើក​ឡើង​ថា ការ​បង្ហោះ នៅ​លើ​បណ្តាញ​សង្គម Facebook របស់​គណនី​ឈ្មោះ “Leng Navatra ឡេ​ង ណា​វ៉ា​ត្រា​”, គណនី​ឈ្មោះ “Ton ChanSeyma តន់ ចន្ទ​សី​ម៉ា​” និង​គណនី​ឈ្មោះ “Leng Nimol ឡេ​ង និមល​” គឺជា​ការ​បំភាន់​ព័ត៌មាន បំភ្លៃ​ការ​ពិត និង​បំពុលបរិយាកាស​សង្គម ដែល​អាច​ជា​ចេតនា​ញុះញង់ បង្កចលាចល និង​ជា​ទ​ង្វើ​បំពាន​ទាំង​ផ្នែក​ផ្លូវច្បាប់ និង​សីលធម៌​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ។

នេះ​បើ​តាម​សេចក្តី ប្រកាស​ព័ត៌មាន ស្តី​ពី​គម្រោង​បុរី ឡេ​ង ណា​វ៉ា​ត្រា ផ្លូវជាតិ​លេខ ៦​អា និង​គម្រោង​ជ្រែ​មួយ​រយ របស់​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រៃ​មួយ​រយ និង​ភូមិ​អន្លង់​ស្តែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដ​.​ន​.​ស​.)​បាន​ឱ សាធារណជន ជា​ពិសេស អតិថិជន​ដែល​បាន​ទិញ​ផ្ទះ និង​ដី​ឡូត៍​ក្នុង គម្រោង​បុរី ឡេ​ង ណា​វ៉ា​ត្រា ផ្លូវជាតិ​លេខ ៦​អា និង​គម្រោង​ជ្រៃ​មួយ​រយ របស់​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រៃ​មួយ​រយ និង​ភូមិ​អន្លង់​ស្តែង ឃុំ សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ឱ្យ​បាន​ជ្រាប​ថា គម្រោង​នេះ​បាន​ជាប់​តាំង និង​មិន​អាច​អនុវត្ត​តាម កិច្ចសន្យាលក់​ទិញ​ជាមួយ​អតិថិជន​និង​ម្ចាស់​ដី ជា​ច្រើន​ឆ្នាំ បណ្តាល​ឱ្យ​មានការ​តវ៉ា​តាម​រូបភាព​ផ្សេង​ៗ រួម​ទាំង បណ្ដឹងតវ៉ា​ជា​ផ្លូវការ​ពី​អតិថិជន មក​ក្រសួង ដ​.​ន​.​ស​.​។ ក្រសួង​បាន ជួយ​សម្របសម្រួល​ជូន​ក្រុមហ៊ុន ដើម្បី​ឱ្យ​ក្រុមហ៊ុន​មានឱកាស​ក្នុង​ការ​បន្ត​ដោះស្រាយ​ជូន​អតិថិជន ប៉ុន្តែ​ក្រុមហ៊ុន នៅ​តែ​មិន​អាច​ផ្តល់​ដំណោះស្រាយ​សម​ស្រប និង​ទាន់​ពេលវេលា ជូន​អតិថិជន​បាន​ឡើយ​។

តាម​រយៈ​ស្មារតី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា (​ឡេ​ង ភ​ត្រា​) បាន​ប្រគល់​សិទ្ធិ​ជូន​ក្រសួង ដ​.​ន​.​ស​. ដឹកនាំ​សម្របសម្រួល​ការងារ​សាងសង់​ផ្ទះ និង​ចាក់​បំពេញ​ដី ជូន​អតិថិជន​ក្នុង គម្រោង​បុរី ឡេ​ង ណា​វ៉ា​ត្រា ផ្លូវជាតិ​លេខ ៦​អា និង​គម្រោង​ជ្រែ​មួយ​រយ និង​បាន​ឯកភាព​ក្នុង​ការ​លក់​ឡៃ​ឡុ​ង​នូវ អចលនទ្រព្យ​របស់​ក្រុមហ៊ុន និង​របស់​ឈ្មោះ ឡេ​ង ភ​ត្រា (​ឡេ​ង ណា​វ៉ា​ត្រា​) ដោយ​អ្នកឧកញ៉ា​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​សាងសង់​បញ្ចប់​ជូន​អតិថិជន​ឡើយ​។

គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៦ ក្រសួង​បាន​ដឹកនាំ​សម្រប​សម្រួលការ​សាងសង់ បញ្ចប់​និង​បាន​ប្រគល់​ផ្ទះ​ជូន​អតិថិជន ចំនួន ៥៩៨​ផ្ទះ និង​បាន​ចុះបញ្ជី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​អតិថិជន​ដែល​បាន​បង់ប្រាក់​គ្រប់​ចំនួន​១០០% ចំនួន ៥ ៩៧០ បណ្ណ និង​បាន​ចាក់​បំពេញ​ដី​បន្ថែម​នៅ​គម្រោង ជ្រៃ​មួយ​រយ សម្រេច​បាន​ប្រមាណ ៦០%​។

ដើម្បី​ការពារ និង​តម្កល់​ផលប្រយោជន៍​របស់​អតិថិជន​ជា​អាទិភាព និង​ភាគី​ពាក់ព័ន្ធ ក្រសួង ដ​.​ន​.​ស​. បាន​ផ្អាក​ចរន្ត​ការ​លើ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក​, ឈ្មោះ ឡេ​ង ភ​ត្រា និង ភាគី​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន សម្រាប់​ធានា​ដល់​ការ​ដោះស្រាយ​គម្រោង​ជាប់​គាំង និង​ការ​ផ្ទេរកម្មសិទ្ធិ​ជូន​អតិថិជន​។

តាម​សេចក្តី ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម Facebook របស់​គណនី​ឈ្មោះ “Leng Navatra ឡេ​ង ណា​វ៉ា​ត្រា​”, គណនី​ឈ្មោះ “Ton ChanSeyma តន់ ចន្ទ​សី​ម៉ា​” និង​គណនី​ឈ្មោះ “Leng Nimol ឡេ​ង និមល​” គឺជា​ការ​បំភាន់​ព័ត៌មាន បំភ្លៃ​ការ​ពិត និង​បំពុលបរិយាកាស​សង្គម ដែល​អាច​ជា​ចេតនា​ញុះញង់ បង្កចលាចល ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចាត់​ទុក​ទ​ង្វើ​នេះ​ថា ជា​ទ​ង្វើ​បំពាន​ទាំង​ផ្នែក​ផ្លូវច្បាប់ និង សីលធម៌​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ស្រប​តាម​ប្បញ្ញត្តិ​នៃ​មាត្រា​៣០៥ (​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​), មាត្រា​៤៩៤ (​ការ​ញុះញង់​), មាត្រា​៤៩៥ (​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​), មាត្រា​៥០២ (​បទ​ប្រមាថ​) និង​មាត្រា​៥០៥ (​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត អំពើ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​) នៃ​ក្រមព្រហ្មទណ្ឌ​ ។

ក្នុង​ស្មារតី​រួម​គ្នា​ដោះស្រាយ​គម្រោង​បុរី ឡេ​ង ណា​វ៉ា​ត្រា ដើម្បី​ឧត្តម​ប្រយោជន៍​របស់​អតិថិជន ចំនួន ប្រមាណ​ជាង ៣៨ ០០០​គ្រួសារ នៅ​ទូ​ទាំង​ប្រទេស ក្រសួង​ស្នើ​អតិថិជន​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​អនុវត្ត ចំណាត់ការ​នានា ក្រោម​យន្តការ​សម្របសម្រួល​របស់​ក្រសួង ប្រកបដោយ​ស្មារតី​យោគយល់ អធ្យាស្រ័យ​គ្នា អនុគ្រោះ​គ្នា និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​ភាគី​ក្រុមហ៊ុន និង​ដៃគូ​ពាក់ព័ន្ធ ពិសេស អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ត្រូវ​បន្ត​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ដំណោះស្រាយ​តាម​យន្តការ​ដែល​បាន​ឯកភាព​គ្នា ហើយ​ក្រសួង​នៅ​តែ​បន្ត​ដឹកនាំ សម្របសម្រួល​ដោះស្រាយ​វិបត្តិ​ជាប់​តាំង​នៃ​គម្រោង​ទាំងនេះ​ ៕​