ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីឆ្លាមពណ៌ខ្មៅដឹកឈើគ្រញូងមួយគ្រឿងដែលបើកបរក្នុងល្បឿនយា៉ងលឿនបានទៅបុកនឹងម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បណ្តាលឱ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់ រួចក៏ជ្រុលមកឆ្វេងដៃបុកនឹងបង្គោលភ្លើងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីងងឹតពេញខេត្តរហូតដល់ភ្លឺ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-1981 ដែលបើកបរដោយជនពុំស្គាល់ឈ្មោះបានបើកក្នុងល្បឿនយា៉ងលឿនពីទិសខាងជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល។ បន្ទាប់មករថយន្តនោះក៏ជ្រុលទៅឆ្វេងដៃហើយបុក នឹងបង្គោលភ្លើងឱ្យដួលទ្រេតទៅម្ខាង និងបង្កឱ្យដាច់ចរន្តអគ្គិសនីទាំងយប់ ។ ការបុកបង្គោលភ្លើងធ្វើឱ្យរថយន្តខ្ទេចមុខទាំងស្រុង និងផ្ទុះពោងសុវត្ថិភាពមិនអាចបើកបាន ទើបឃើញអ្នកបើកបរបើកទ្វាររថយន្តរួចរត់ចេញឡើងជិះរថយន្តទំនើបមួយគ្រឿងទៀតដែលបើកតាមពីក្រោយគេចចេញទៅបាត់ ។ ចំណែកជនរងគ្រោះ២នាក់ត្រូវរងរបួសធ្ងន់នោះគឺម្នាក់ឈ្មោះពុធ ស្រីនាង អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះមាស ស្រីពៅ អាយុ២១ឆ្នាំ ទាំងពីរនាក់ជិះម៉ូតូឌុបចេញពីក្លឹបកម្សាន្តសុខាញូវយ៉ក ក៏ត្រូវរថយន្តដឹកឈើបុកតែម្តង ។ ចំណែកអ្នកបើកបរម៉ូតូត្រូវរងរបួសស្រាល បន្ទាប់មកប៉ូលិសសេដ្ឋកិច្ចខេត្តបានអូសយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ