ប្រទេសចិន ៖ ប្រធានាធិបតីនៃមហាអំណាច៣ លោកដូណាល់ត្រាំ លោកវ្ល៉ាឌីមៀរពូទីន និងលោកស៊ីជីនពីង អាចជួបគ្នានាខែវិច្ឆិកា ខាងមុខនៅទីក្រុងសេនហ្សេនចិន សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីមួយ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ។ ពិតណាស់ កិច្ចប្រជុំកំពូលត្រិភាគីនោះនឹងផ្ដោតជាពិសេស លើដំណោះស្រាយជម្លោះនៅអ៊ុយក្រែន និងនៅមជ្ឈឹមបូព៌ាដែលកំពុងតែអាក្រក់ទៅប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិសេសខាងផ្នែកថាមពល ដោយសង្គ្រាមនោះនាំឲ្យស្ទះដល់ការដឹកជញ្ជូនប្រេង និងកំពុងធ្វើឲ្យតម្លៃប្រេងឡើងកាន់តែខ្ពស់ ។
វិមានក្រឹមឡាំងអះអាង កាលពីថ្ងៃទី៩ កញ្ញា ថា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិក បានលើកឡើងពីលទ្ធភាពនោះនាឱកាសនៃការជួបគ្នាតាមទូរស័ព្ទនាពេលមុននេះ ។ ពេលសួរពីការជួបគ្នាត្រីភាគីជាយថាហេតុនៅក្រុងសេនហ្សេន ខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកAPEC ដែលគ្រោងធ្វើនាថ្ងៃទី១៨ និង១៩ វិច្ឆិកា អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រីប៉េស្កូវឆ្លើយថា ប្រធានាធិបតីទាំង៣រូបនឹងអង្គុយនៅតុជាមួយគ្នា ហើយការជួបគ្នានោះពិតជានឹងមាននៅចិន ។ គំនិតនៃការជួបគ្នាកំពូលរវាងមេដឹកនាំទាំង៣រូបនោះ ធ្លាប់បានលើករួចហើយតាំងពីដំណាច់ខែសីហាមកម្ល៉េះ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី៩ កញ្ញា លើកឡើងថា លោកជឿជាក់ថា លោកពូទីន ចង់បានកិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែន។ លោកថា ក្នុងពេលជួបគ្នាតាមទូរស័ព្ទនាពេលមុននេះ យើងបានសន្ទនាគ្នាដោយល្អបំផុត។ លោកពូទីនចង់បានកិច្ចព្រមព្រៀងមួយ ហើយប្រសិនបើលោកហ្សេឡេនស្គីចង់បានកិច្ចព្រមព្រៀងមួយដែរ នោះពិតជារឿងដែលល្អបំផុត ៕

ចែករំលែកព័តមាននេះ