សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ី និងអ៊ុយក្រែម នៅតែបន្តវាយប្រហារគ្នាដោយដ្រូន បណ្ដាលឲ្យមនុស្សស្លាប់ទាំងសងខាង។ នាថ្ងៃទី៩កញ្ញា រុស្ស៊ីប្រកាសថា បានបាញ់ទម្លាក់នាពេលយប់ដ្រូនអ៊ុយក្រែន៥៩៦គ្រឿង ពីលើតំបន់១០ ព្រមទាំងតំបន់គ្រីមេ។ ការវាយប្រហារដោយហ្វូងដ្រូនអ៊ុយក្រែន តាមអាជ្ញាធរមូលដ្ឋានថា បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និង២៩នាក់ទៀតរងរបួស ។

ការប្រកាសនោះ ធ្វើឡើងបន្ទាប់ពីការជួបពិភាក្សាគ្នាតាមទូរស័ព្ទថ្មី រវាងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន និងសមភាគីអាមេរិក លោកដូណាល់ត្រាំ ស្ដីពីបណ្ដាមធ្យោបាយដោះស្រាយជម្លោះនៅអ៊ុយក្រែន ។ ការវាយប្រហារដោយដ្រូនអ៊ុយក្រែនសំដៅលើទីក្រុងណូវ៉ូរ៉ុសស៊ីអ៉ីស្ក៍ ជាទីក្រុងកំពង់ផែនៅជាប់សមុទ្រខ្មៅ ក្នុងតំបន់គ្រាស្នូដាដែលនៅទីនោះមនុស្ស៤នាក់ ក្នុងនោះមានកុមារម្នាក់ស្លាប់ ហើយមនុស្ស២៩នាក់ទៀតរងរបួស។
អភិបាលតំបន់នោះ លោកវេនីញ៉ាមីនកុនដ្រាទីអេវ ថ្លែងថា កងយោធាយើងបានរុញច្រានការវាយប្រហារដោយហ្វូងដ្រូនសត្រូវប្រឆាំងតំបន់ក្រុងណូវ៉ូរ៉ុសស៊ីអ៉ីសជាទីក្រុងតែងរងការវាយប្រហារច្រើនលើក ។ នាថ្ងៃទី៩ កញ្ញា អ៊ុយក្រែនក៏វាយប្រហារដោយដ្រូនរយៈឆ្ងាយលើទីតាំងឧស្សាហកម្មរុស្ស៊ីមួយនៅតំបន់អូរ៉ាល់រុស្ស៊ី ស្ថិតនៅដល់ចម្ងាយ៣០០០គីឡូម៉ែត្រ ។ នោះជាការវាយប្រហារក្នុងចម្ងាយឆ្ងាយបំផុតដ៏កម្រ បណ្ដាលឲ្យមានភ្លើងឆេះក្នុងទីតាំងឧស្សាហកម្មអ៊ូរ៉ាល់ តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់ឬរបួសឡើយ ។
ចំណែកអាជ្ញាធរអ៊ុយក្រែនរាយការណ៍ថា ការវាយប្រហារដោយដ្រូនរុស្ស៊ីលើប៉ុស្តិ៍ព្រំដែនមួយរវាងអ៊ុយក្រែន និងម៉ុលដាវីក្នុងតំបន់អូដេសា បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួស៣នាក់កាលពីថ្ងៃទី៩ កញ្ញា ។ រុស្ស៊ីក៏វាយប្រហារដោយដ្រូនដែរ លើទីក្រុងគៀវ និងក្រុងឌីនីប្រូបណ្ដាលឲ្យមានការខូចខាតនានា ។ នាពាក់កណ្ដាលយប់ការផ្អាកវាយប្រហារគ្នារយៈពេល៣ថ្ងៃ រដ្ឋធានីអ៊ុយក្រែនរងការវាយប្រហារជាថ្មីរបស់រុស្ស៊ី កាលពីយប់ថ្ងៃទី៧ មក៨កញ្ញា ។ តាមរដ្ឋបាលយោធារដ្ឋធានីអ៊ុយក្រែនថា បណ្ដាអគាររងការប៉ះពាល់នៅក្រុងគៀវព្រមទាំងនៅស្រុក២ជាយរដ្ឋធានី ៕

ចែករំលែកព័តមាននេះ