ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២​ នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ពី​៥០%​ដល់​៧០%

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​១០ ​ដល់​១២ ខែកញ្ញា នឹងមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់​ ចាប់ពី​៥០%​ ដល់​៧០%​ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​​ធាតុអាកាស​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ស​ម្ពា​ធ​ទាប​ដែល​កើត​មាននៅ​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ និង​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ ដែល​បក់​លើ​អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្រសួង​ថា ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៦​ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C​ ។

ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសពាយ័ព្យ មាន​ល្បឿន​មធ្យម ​​ ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀម​រាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៦០%​ ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​៧០%​។

ដោយឡែក ​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​៥០%​ ។​ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៧០​ម៉ែត្រ​៕

​​