ចាប់ខ្លួននាយកសាលាម្នាក់ រំ.លោ.ភ.កុមារីវ័យ១២ឆ្នាំ ក្រោយបង់សំណងស្ងាត់ៗ៣.៥០០ដុល្លាររួចរត់គេចខ្លួនបាត់ជាងកន្លះខែ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បន្ទាប់ពីបែកធ្លាយភាពមិនប្រក្រតីនៃសំណុំរឿង «លោកនាយកសាលាបឋមសិក្សាម្នាក់ចាប់រំលោភកុមារីវ័យ១២ឆ្នាំ» កាលពីជាងកន្លះខែមុន នៅស្រុកឯកភ្នំ ហើយបានរត់គេចខ្លួនជាបណ្ដោះអាសន្ន ក្រោយបង់សំណងចំនួន៣,៥០០ដុល្លារឲ្យជនរងគ្រោះ ក្រោមការជួយសម្របសម្រូលស្ងាត់ៗពីមន្ត្រីអធិការស្រុកនោះ នៅព្រឹកថ្ងៃទី៩ កញ្ញា នេះ កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនលោកនាយកសាលាល្មោភតណ្ហារូបនេះបានវិញហើយ ។
ការតាមចាប់ខ្លួនលោកនាយកសាលា ដែលចាប់រំលោភក្មេងស្រី ដែលបានរត់គេចខ្លួនជាងកន្លះបានមកវិញនេះ ត្រូវគេមើលឃើញថា កម្លាំងសមត្ថកិច្ចធ្វើឡើងយ៉ាងតក់ក្រហល់ បន្ទាប់ពីសំណុំរឿងអាស្រូវនេះ ត្រូវបានបែកធ្លាយអង្រួនពេញលើបណ្ដាញសង្គមនាប៉ុន្មានថ្ងៃចុងក្រោយនេះ រហូតរង្គោះរង្គើរខ្លាំងដល់អាសនៈលោកស្នងការខេត្តទៀត ជាមួយនឹងដំណឹងដ៏រសើបដែលថា «ជនល្មើសបានចាត់តំណាងឲ្យយកលុយចំនួន៣,៥០០ដុល្លារបង់សំណងជំងឺចិត្តដល់ម្ដាយកុមារីរងគ្រោះ ក្រោមការជួយសម្របសម្រូលស្ងាត់ៗ ពីមន្ត្រីជំនាញនៃអធិការស្រុកឯកភ្នំ ជាថ្នូរនឹងការបញ្ចប់រឿងប្ដឹងផ្តល់» ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចោទសួរជាបញ្ហានោះត្រង់ថា នៅពេលតំណាងជនសង្ស័យប្រគល់លុយចំនួន៣,៥០០ដុល្លារទៅឲ្យជនរងគ្រោះ បែរជាត្រូវលោកសមត្ថកិច្ចដកហូតកុមីស្យុងរហូតដល់ទៅ១,០០០ដុល្លារពីម្ដាយជនរងគ្រោះ ហើយមិនបានចាប់ខ្លួនជនល្មើសទេ ថែមទាំងបណ្ដែតបណ្ដោយឲ្យជនល្មើសមានសេរីភាពដើរហើរយ៉ាងរំភើយ ។
បើតាមការកត់សម្គាល់ សំណុំរឿងនេះ បានបែកធ្លាយចេញពីក្រុមគ្រួសារជនរងគ្រោះ ហើយត្រូវបានមហាជនយកទៅបង្ហោះចែករំលែកបន្តគ្នា ព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃទី០៧ កញ្ញា ហើយនៅថ្ងៃទី០៨ កញ្ញា ដែលទំនងឃើញកងទ័ពហ្វេសប៊ុកវាយសម្រុកខ្លាំងក្លាពេក ទើបធ្វើឲ្យរញ្ជួយដល់អាសនៈស្នងការខេត្ត រហូតលោកស្នងការផង និងក្រុមការងារប្រតិកម្មរហ័សនៃស្នងការខេត្តផងបានចេញសារបំភ្លឺជាបន្តបន្ទាប់ក្នុងន័យជួយបន្សាប ឬជួយទប់ស្កាត់បណ្ដាញព័ត៌មានសង្គម និងអ្នកសារព័ត៌មាននានា ដែលផ្សាយវាយប្រហារមិនប្រណីដៃពីរឿងអាស្រូវរបស់មន្ត្រីនគរបាលស្រុកឯកភ្នំ ។
យោងលើសាវតានៃសំណុំរឿងនេះ ដែលកោះសន្តិភាពទទួលបាន៖ សំណុំរឿង«រំលោភសេពសន្ថវៈ» នេះ បានកើតឡើងតាំងពីថ្ងៃទី១៣ សីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណ«សាលាបឋមសិក្សាវត្តកែវ» ។ ជនសង្ស័យឈ្មោះ ជក់ ហុង ភេទប្រុស អាយុ៦០ឆ្នាំ ជានាយកសាលាបឋមសិក្សាវត្តកែវនេះតែម្ដង ។ នាយកសាលារូបនេះ ត្រូវបានចោទប្រកាន់ថា បានល្បូងកុមារីអាយុ១២ឆ្នាំ នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នៅក្នុងសាលានោះ ហើយម្ដាយកុមារីរងគ្រោះជាអ្នកតាមទាន់ជាន់កែង ពេលនាយកសាលាល្មោភកាមនេះ កំពុងធ្វើសកម្មភាពទៅលើកូនស្រីគាត់នៅក្នុងបន្ទប់ ។
នៅថ្ងៃបន្ទាប់ ម្ដាយកុមារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកឯកភ្នំ ជាមួយនឹងការតាមចរចាបញ្ចប់រឿងមិនឈប់ឈរពីសំណាក់ជនសង្ស័យផង និងបុរសម្នាក់ទៀតដែលតំណាងឲ្យជនសង្ស័យផង ។
ប្រភពពីសាច់ញាតិដែលស្រង់សម្ដីម្ដាយជនរងគ្រោះថា នៅពេលគាត់ទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកឯកភ្នំ មានគ្រូម្នាក់តំណាងឱ្យជនសង្ស័យបានសុំគាត់សម្រួលបញ្ចប់រឿងជាថ្នូរនឹងសំណងចំនួន៥,០០០ដុល្លារ និងម៉ូតូស៊េរី២០២៤មួយគ្រឿងទៀត ។ គាត់បានយល់ព្រមទទួលយកសំណងនេះ ប៉ុន្តែពេលទៅដល់កន្លែងសមត្ថកិច្ច បែរជាប្រគល់សំណងឱ្យគាត់ត្រឹមតែចំនួន៣,៥០០ដុល្លារទៅវិញ ។ មិនតែប៉ុណ្ណោះ ពេលប្រគល់លុយសំណង៣,៥០០ដុល្លារ លោកប៉ូលិសដែលជាអ្នកសម្របសម្រួលបានដកហូតយកអស់ចំនួន១,០០០ដុល្លារវិញ គាត់បានត្រឹមតែចំនួន២,៥០០ដុល្លារប៉ុណ្ណោះ ។ មិនដូចការសន្យាដំបូងថា នឹងសងជំងឺចិត្តចំនួន៥,០០០ដុល្លារ និងម៉ូតូមួយគ្រឿងនោះទេ ចុងក្រោយគាត់ទទួលបានត្រឹមតែចំនួន២,៥០០ដុល្លារគត់ តាមរយៈការជួយសម្របសម្រួលពីលោកប៉ូលិសស្រុកឯកភ្នំ ។
ដោយឡែក បើនិយាយពីសម្រង់សម្ដីកុមារីរងគ្រោះវិញ ដែលនាងបាននិយាយប្រាប់ម្ដាយមីងកាលពីថ្ងៃទី០៨ កញ្ញា ថា តាំងពីថ្ងៃដំបូងឈ្មោះ ហៀង រ៉ាវុធ ជាគ្រូបង្រៀនដែរ ហើយក៏ជាតំណាងឲ្យនាយកសាលាដែលចាប់រំលោភនាងបានឆាតមកម្ដាយនាងថា«សុំឲ្យបញ្ចប់រឿងហ្នឹងទៅ ចាំគាត់សងលុយចំនួន៥,០០០ដុល្លារ និងឱ្យម៉ូតូមួយគ្រឿងទៀត ។ ប៉ុន្តែពេលគាត់យកលុយទៅសងនៅកន្លែងប៉ូលិស បែរជាសងម៉ាក់ខ្ញុំបានតែចំនួន៣,៥០០ដុល្លារ ហើយត្រូវប៉ូលិសដកយកវិញអស់១,០០០ដុល្លារ
ទៀត» ។
កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺលើសំណុំរឿងនេះ ពីលោក ឆាយ ម៉ាប់ អធិការស្រុកឯកភ្នំកាលពីម្សិលមិញ (០៨.៩.២៦) ប៉ុន្តែលោកមិនបានលើកទូរស័ព្ទទេ ។ ដោយឡែក បើយើងក្រឡេកទៅមើលលើបណ្ដាញសង្គមវិញ ក្រោយពីមហាជនផ្ទុះប្រតិកម្មឡើងរញ្ជួយហ្វេសប៊ុករិះគន់ចំៗទៅលើការអនុវត្តនីតិវិធីមិនច្បាស់លាស់របស់សមត្ថកិច្ច គេឃើញក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការខេត្តបានបង្ហោះសារបំភ្លឺជូនមហាជន ប៉ុន្តែហាក់មិនបានបដិសេធចំពោះការរិះគន់ទេ ហើយបាននិយាយពីចំណាត់ការទៅលើមន្ត្រីដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ ។ រីឯលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តវិញ ក៏បានបង្ហោះសារខ្លីលើបណ្ដាញសង្គមផ្ទាល់របស់លោកដែរថា «បានឃើញសារព័ត៌មានចុះផ្សាយអំពីករណីនេះ ខ្ញុំបានចាត់ឱ្យផែនធនធានមនុស្ស ហៅមន្ត្រីដែលពាក់ព័ន្ធមកសួរនាំ នៅស្នងការនគរបាលខេត្តហើយ» ។
ជុំវីញករណីនេះ មានមន្ត្រីជាច្រើនបានគ្រវីក្បាលទៅនឹងការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលស្រុកឯកភ្នំ ។ មន្ត្រីខ្លះបានលើកឡើងថា មន្ត្រីយុត្តិធម៌មិនត្រូវធ្វើការសម្របសម្រួលបែបនេះទេ ព្រោះនេះជាបទល្មើស «ឧក្រិដ្ឋ» ។ រឿងសំណងរដ្ឋប្បវេណីអាចសម្រួលបញ្ចប់បាន តែសំណុំរឿងព្រហ្មទណ្ឌមិនអាចបញ្ចប់បានត្រឹមសមត្ថកិច្ចទេ ។
ម្យ៉ាងវិញទៀត បើតាមមើលជនល្មើសមិនបានចូលខ្លួនមកសម្របសម្រួលជាមួយជនរងគ្រោះទេ គឺចាត់ឲ្យតំណាងរបស់ខ្លួនចូលចរចាជំនួស ក្រោមការជួយសម្រួលរបស់សមត្ថកិច្ច ។ នេះជាកំហុសរបស់មន្ត្រីជំនាញ ។
យ៉ាងណា ពេលនេះ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យបានហើយ ។ មន្ត្រីនគរបាលអធិការស្រុកឯកភ្នំ ដែលពាក់ព័ន្ធរឿងលុយ១,០០០ដុល្លារមួយចំនួនកំពុងឆ្លើយបំភ្លឺនៅការិយាល័យបុគ្គលិកនៃស្នងការខេត្ត ។ រីឯជនល្មោភតណ្ហាឈ្មោះ ជក់ ហុង ក៏កំពុងត្រូវបានមន្ត្រីជំនាញសួរចម្លើយនៅស្នងការខេត្តដែរ ។
ដូច្នេះ មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ដែលឈឺឆ្អាលលើករណីនេះ កំពុងរង់ចាំទទួលដំណឹងបន្តថា តើជនសង្ស័យបានផ្ដល់សំណងជំងឺចិត្តចំនួនប៉ុន្មានពិតប្រាកដដល់ជនរងគ្រោះ ? តើមន្ត្រីជំនាញនៃអធិការស្រុកឯងភ្នំរូបណា ដែលបានដកកុមីស្យុងចំនួន១,០០០ដុល្លារពីម្ដាយកុមារីរងគ្រោះ? បើសិនមិនមានអ្នកលេងបណ្ដាញសង្គមជួយទម្លុះទម្លាយសំណុំរឿងដ៏អាស្រូវនេះទេ ម្ល៉េះសំណុំរឿង «ឧក្រិដ្ឋ» នេះ ត្រូវមន្ត្រីថ្នាក់ក្រោម បិទបាំងថ្នាក់លើស្ងាត់ឈឹងបាត់ ៕

ចែករំលែកព័តមាននេះ