ប្រទេសយេម៉ែន ៖ អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៨ កញ្ញា រងការវាយប្រហារមួយចំនួនរបស់ពួកឧទ្ទាមហ៊ូធីយេម៉ែន ហើយសន្យាពីការតបតវិញចំពោះការវាយប្រហាររបស់ពួកឧទ្ទាមស្និទ្ធអ៉ីរ៉ង់នោះ ប្រឆាំងដែនដីខ្លួនចាប់តាំងពីច្រើនឆ្នាំមកហើយ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីយ៉ូ លើកឡើងពីការលូកដៃរបស់អ៉ីរ៉ង់នៅពីក្រោយការវាយប្រហារទាំងនេះ ដែលអ.ស.ប និងសហភាពអឺរ៉ុបបានថ្កោលទោស ដោយវាយតម្លៃថា អាចបំផ្លាញដល់សន្តិសុខនិងស្ថេរភាពតំបន់។ យេម៉ែនជាប្រទេស
ក្រីក្របំផុតមួយនៅឧបទ្វីបអារ៉ាប់ បានធ្លាក់ចូលក្នុងសង្គ្រាមជាថ្មី កាលពីខែកក្កដា ។
ការប្រទូស្តរ៉ាយគ្នា រវាងពួកឧទ្ទាម និងកងទ័ពរដ្ឋាភិបាលមានការកើនឡើងវិញរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាលឲ្យមនុស្សស្លាប់ជាង៥០០នាក់ ចាប់តាំងពីថ្ងៃទី៣ កញ្ញា មក ។ ការប៉ះទង្គិចគ្នានានានៅយេម៉ែនរវាងកងទ័ពរដ្ឋាភិបាលយេម៉ែន និងពួកឧទ្ទាមហ៊ូធីកាលពីថ្ងៃទី៥ កញ្ញា បណ្ដាលឲ្យមនុស្សស្លាប់ជាង៦០នាក់ ក្នុងនោះមានបណ្ដាជនស៊ីវិល ។
យោងតាមប្រភពយោធាថា ទាហានរដ្ឋាភិបាល២៦នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី៥ កញ្ញា បន្ទាប់ពីការប្រយុទ្ធគ្នាច្រើនម៉ោងនៅភាគនិរតីប្រទេស ចំណែកប្រភពមន្ទីរពេទ្យនិងយោធារបស់ពួកហ៊ូធីវិញ រៀបរាប់ពីយុទ្ធជនពួកគេស្លាប់៣១នាក់ ។ ចំណែកប្រភពមន្ទីរពេទ្យមួយនៅទីក្រុងTAEZ ត្រួតត្រាដោយរដ្ឋាភិបាល គូសបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់មីស៊ីល សម្លាប់ជនស៊ីវិល៦នាក់ដែលកំពុងធ្វើដំណើរតាមរថយន្តបឺស១គ្រឿង ហើយមនុស្ស៧នាក់ទៀតរងរបួស។

ទន្ទឹមនឹងការវាយលុករបស់ពួកគេនៅក្នុងដែនដីយេម៉ែន ពួកហ៊ូធីលើកនេះបានវាយប្រហារទ្រង់ទ្រាយធំ ក្នុងដែនដីអារ៉ាប៊ីសាអូឌីត ដែលដឹកនាំក្រុមចម្រុះយោធាជួយទ្រទ្រង់ដល់កងទ័ពរដ្ឋាភិបាលយេម៉ែន ។ ពួកហ៊ូធីបានវាយប្រហារដោយដ្រូនច្រើន
សឹបគ្រឿងនិងបណ្ដាមីស៊ីល លើភាគខាងត្បូងអារ៉ាប៊ីសាអូឌីត សំដៅបណ្ដាទីតាំងរបស់ក្រុមហ៊ុនប្រេងយក្សARAMCO នៅក្រុងអាប់ហា ក្រុងណាស់រ៉ាននិងក្រុងហ្ស៊ីហ្សាន ព្រមទាំងមូលដ្ឋានអាកាសចរណ៍KING KHALID នៅKHAMIS MUSAIT ។
ប្រតិបត្តិការនោះធ្វើឡើង ជាការតបតចំពោះការវាយប្រហារ១២១លើករបស់អារ៉ាប៊ីសាអូឌីត នៅយេម៉ែនរយៈពេល៣ថ្ងៃចុងក្រោយនេះ ។ ទូរទស្សន៍របស់ពួកហ៊ូធីក៏រៀបរាប់ដែរ ពីការវាយប្រហារថ្មីៗនាថ្ងៃទី៨ កញ្ញា ។ ភាគខាងត្បូងអារ៉ាប៊ីសាអូឌីត ជាប់ព្រំដែនយេម៉ែនមានហេដ្ឋារចនាសម្ព័ន្ធប្រេងកាតសំខាន់ៗពិសេសនៅហ្ស៊ឺហ្សាន ដែលនៅទីនោះក្រុងហ៊ុនប្រេងARAMCO ធ្វើអាជីវកម្មលើរោងចក្រចម្រាញ់ប្រេងកាតសំខាន់បំផុតមួយរបស់ប្រទេស ដែលទីតាំងប្រេងនោះរងការវាយប្រហារច្រើនលើកមកហើយ ចាប់តាំងពីខែកក្កដាមក ។
តាមក្រុងរីយ៉ាតថា ការវាយប្រហារទាំងនេះ បណ្ដាលឲ្យមានភ្លើងឆាបឆេះទីតាំងប្រេងជាច្រើនកន្លែង និងនាំឲ្យមានការកាត់ផ្ដាច់បណ្ណោះអាសន្នប្រតិបត្តិការមួយចំនួន ។ ពួកឧទ្ទាមនោះដណ្ដើមត្រួតត្រា បណ្ដាតំបន់យុទ្ធសាស្ត្រនៅទីខ្ពស់ៗដែលអាចបង្កើតទីតាំងថ្មីៗងាយស្រួលវាយប្រហារនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត ៕

ចែករំលែកព័តមាននេះ