ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះអាមេរិក-អ៉ីរ៉ង់៖ កងទ័ពអាមេរិកវាយប្រហារនាវាដឹកប្រេងអ៉ី​រ៉ង់ជាច្រើនគ្រឿង និងរុញតម្លៃប្រេងឱ្យឡើងខ្ពស់

2 ខែ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អា​មេ​រិ​ក ​កាលពី​ថ្ងៃ​ទី​៨​ កញ្ញា​ បាន​វាយប្រហារ​នាវា​ដឹក​ប្រេងអ៉ី​រ៉​ង់​ច្រើន​គ្រឿង ជា​ការ​តបត​ចំពោះ​ការ​ប៉ុនប៉ង​ថ្មី​ៗ វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ប្រឆាំង​នាវាចម្បាំង​អា​មេ​រិ​ក ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់
​អា​មេ​រិ​កមួយ​រូប​ ។

ទូរទស្សន៍​ជាតិ​អ៉ី​​រ៉​ង​​ក៏​រាយការណ៍​ផង​ដែរ​ថា កងទ័ព​អា​មេ​រិ​កបាន​វាយប្រហារ​បណ្ដា​នាវា​ដឹក​ប្រេង​អ៉ី​រ៉​ង់ នៅ​ជិត​កំពង់​ផែ​ភាគ​ខាង​ត្បូង​ទីក្រុង​JASK និង​ជិត​កោះ​KHARG ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ ការ​វាយប្រហារ​សងសឹក​គ្នា​ចុង​ក្រោយ​នានា​កើតឡើង ពេល​ក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ក្រុង​តេ​ហេ​រ៉​ង់ ងាក​មក​រក​ជម្លោះ​ជា​ថ្មី​បន្ទាប់​ពី​សង្គ្រាម​ជាង​៦​ខែ​។ ទូរទស្សន៍​អ៉ី​រ៉​ង់​គូសបញ្ជាក់​ថា នៅ​ទីក្រុង​JASK​នាវា​ដឹក​ប្រេងអ៉ី​​រ៉​ង់​១​គ្រឿង​​រង​ការ​វាយប្រហារ នៅ​ជិត​ឆ្នេរ​YEKBENI ចំណែក​ស្នូរ​ផ្ទុះ​១​ទៀត​លាន់ឮ​ក្នុង​តំបន់ ដែល​គេ​មិន​ទាន់​កំណត់​ថា​មក​ពី​អ្វី​នៅឡើយ​ ។

ទូរទស្សន៍​នោះ​ បន្ទាប់​មក​រាយការណ៍​ថា កងទ័ព​អា​មេ​រិ​កបាន​វាយប្រហារ​នាវា​ដឹក​ប្រេង​ទី​២ ក្នុង​ដែនទឹក​ក្រុង​JASK​ ។ ក្រុម​នាវិក​របស់​នាវា​ដឹក​ប្រេង​ទាំង​២​គ្រឿង​ ដែល​រង​ការ​វាយប្រហារ កំពុង​តែ​ជម្លៀស​ចេញ​តាម​កាណូត​កៅស៊ូ មក​កាន់​ច្រាំង​ក្រុង​នោះ​។ បន្ទាប់​មក​ទៀត​ទូរទស្សន៍​នោះ​ដដែល​រៀបរាប់​ពី​នាវា​ដឹក​ប្រេង​អ៉ី​​រ៉​ង់​១​គ្រឿង​ទៀត​រង​ការ​វាយប្រហារ ក្នុង​តំបន់​កោះ​KHARG​ដោយ​ក្រោយ​ការ​វាយប្រហារ​នេះ ​ក្រុម​នាវិក​នៃ​នាវា​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​មក​កាន់​ច្រាំង​ដោយ​សុខ​សប្បាយ​ ។

ចំណែក​កង​ម៉ា​រី​ន​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៉ី​​រ៉​ង់ ​បាន​ព្រមាន​ប្រាប់​ដល់​បណ្ដា​ក្រុម​នាវិក​នៃ​នាវា​ដឹក​ប្រេង​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្បែរ​បណ្ដា​កំពុង​ផែ​គុ​​យ​វ៉ែត​ និង​បា​រ៉ែ​ន ឲ្យ​ប្រញាប់​ចាក​ចេញពី​នាវា​ទាំងនោះ ដោយ​អះអាង​ថា ​នាវា​ទាំងនេះ​ជា​គោលដៅ​វាយប្រហារ​សងសឹក ចំពោះ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ប្រឆាំង​បណ្ដា​នាវា​ដឹក​ប្រេង​អ៉ី​រ៉​ង់​។ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៉ី​​រ៉​ង់​ចោទ​ប្រកាន់​គុយ​វ៉ែត​និង​បា​រ៉ែ​ន​ថា ទទួល​កងទ័ព​អា​មេ​រិ​ក​និង​ចូលរួម​ក្នុង​ការ​វាយប្រហារ​ទាំងនេះ​។

កងទ័ព​អា​មេ​រិ​ក​ថ្លែង​កាលពី​ថ្ងៃ​ទី​៥​ កញ្ញា​ ថា បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​អ៉ី​​រ៉​ង​៣​គ្រឿង បន្ទាប់​ពី​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ជា​គោលដៅ​វាយប្រហារ​ដោយ​មីស៊ី​ល​បាលី​ស្ទិ​ក ហើយដោយ​ព្រមាន​ថា ខ្លួន​នឹង​កម្ទេច​បើ​ចាំបាច់​កង​នាវា​ដឹក​ប្រេង​អ៉ី​​រ៉​ង់​។ អ៉ី​រ៉​ង់​បន្ទាប់​មក​គូសបញ្ជាក់​ថា ខ្លួន​គ្រោង​ប្រកាស​ពី​តំបន់ហាមឃាត់​ថ្មី​នៅ​ជិត​ច្រក​សមុទ្រ​ហ័​រ​មូស សំដៅលើ​បណ្ដា​នាវា​ដែល​មាន​ចេតនា​ឆ្លងកាត់​ ។

កា​រវិ​វ​ឌ្ឃ​នា​ពេល​ថ្មី​ៗ​នេះ​ ក្នុង​ជម្លោះ​រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់ ដែល​ចង់​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស នាំ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​បំផុត ដែល​ក៏​ចោទ​ជា​បញ្ហា​នយោបាយ​ផង​ដែរ​ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ខណៈ​ជិត​ដល់​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នា​ខែ​វិ​ច្ឆិ​កា​ខាង​មុខ​នេះ​។ តម្លៃ​ប្រេង​ឆៅ​បាន​ឡើង​ខ្ពស់​យ៉ាង​រហ័ស​ដោយ​ប្រេង​BRENT មួយ​ធុង​ពេល​នេះ​ឡើង​ដល់​លើស​ពី​១០០​ដុល្លារ​ជា​ថ្មី​ ៕