រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ សីហា ២០១១ ប៉ូលិសខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្មេងទំនើង៦នាក់ ពីបទប៉ុនប៉ងមនុស្សឃាត ខណៈពួកគេទាំងនោះដេញកាប់យុវជនម្នាក់ បណ្តាលឱ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ដែលហេតុការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋក្បែរខាងមានការភ័យខ្លាចយ៉ាងខ្លាំង។
លោកម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ សីហា ២០១១ សមត្ថកិច្ចរបស់លោកបានប្រទះឃើញក្មេងទំនើងមួយក្រុមមានកាន់ដាវ កាំបិត (វែង-ខ្លី) ដេញកាប់យុវជនម្នាក់ បណ្តាលឱ្យរបួសធ្ងន់ឃើញដូចនោះ ក៏ធ្វើការបង្ក្រាប ដោយមានបាញ់កាំភ្លើងឡើងលើជាច្រើនគ្រាប់ ដើម្បីបន្ទច់បង្អាក់សកម្មភាពឃោរឃៅរបស់ពួកជនដៃដល់ទាំងនោះផង។ ក្មេងទំនើងទាំងនោះពិតជាពិបាកបង្ក្រាបណាស់ ព្រោះពួកគេសុទ្ធតែមានអាវុធកាន់នៅនឹងដៃ ទើបសមត្ថកិច្ចបង្ខំចិត្តបាញ់កាំភ្លើងឡើងលើកំញើញ ដើម្បីឱ្យពួកគេអង្គុយចុះ ។
ក្មេងទំនើង៦នាក់ដែលចាប់បាននោះមាន ១-ឈ្មោះហួរ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ ២-ឈ្មោះហួរ បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះហួរ សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត (ទាំង៣នាក់ជាបងប្អូនបង្កើត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក) ៤-ឈ្មោះផាត រឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ៥-ឈ្មោះនុន ចាន់នី ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខឯកជន ៦-ឈ្មោះជា រ័ត្នកុមារ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ភូមិគោកខ្សាច់ សង្កាត់រថភ្លើង ខណ្ឌដង្កោ។ ជនដៃដល់ទាំង៦នាក់នេះត្រូវបានប៉ូលិសឃាត់ខ្លួននៅទីប្រជុំជន តាមបណ្តោយផ្លូវលេខ៥៩៨ កែង១៩៨៦ ក្រុម២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ចំណែកជនរងគ្រោះឈ្មោះយ៉េន ចាន់មករា ហៅអាស្មៅតូច ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។ លោកអធិការឱ្យដឹងថា ជនល្មើសទាំង៦នាក់សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ