ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពុង​បន្ត​នីតិវិធី​ចំពោះ​ជនសង្ស័យ​០៦​នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​តុលាការ និង​កំពុង​បន្ត​នីតិវិធី​សួរនាំ​លើ​ក្រុម​ជនសង្ស័យ​ចំនួន​០៦​នាក់​នៅឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ដែល​ក្រុម​នេះ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន ពាក់ព័ន្ធ​លើ​សំណុំរឿង «​ជួញដូរ​គ្រឿងញៀន​» កាលពី​ចុង​ស​ប្ដា​ហ៍មុន ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​បាន​និយាយ ។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ក្រុម​ជនសង្ស័យ​ទាំង​០៦​នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង «​ជួញដូរ​គ្រឿងញៀន​»​ទាំងនោះ ត្រូវ​បាន​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ បញ្ជូន​ទៅ​កាន់​សាលាដំបូង កាលពី​រសៀល​ថ្ងៃ​ទី​០៨ កញ្ញា បន្ទាប់​ពី​រៀបចំ​សំណុំរឿង​រួចរាល់ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា នេះ តុលាការ​នៅ​បន្ត​នីតិវិធី​មិន​ទាន់​ចប់​នៅឡើយ ។

តាម​រយៈ​របាយការណ៍ ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ លោក សូ ឌី បាន​ឲ្យ​ដឹង​ថា ជនសង្ស័័យ​ជួញដូរ​គ្រឿងញៀន​មាន​ស្រី មាន​ប្រុស​ទាំង​០៦​នាក់​នោះ រួម​មាន​៖ ១-​ឈ្មោះ ហូ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អូរ​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ២-​ឈ្មោះ រិ​ន សារូ​ន ហៅ​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ៣-​ឈ្មោះ ជា ស្រស់ ហៅ​តឿ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ៤-​ឈ្មោះ ញ៉ឹម សីហា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ៥-​ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​តា​ផុស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប និង​៦-​ឈ្មោះ សុខ ស្រី​នាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការបង្ក្រាប កាលពី​ថ្ងៃ​ទី​០៤ កញ្ញា បាន​ម្នាក់​ដំបូង​នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​មេបញ្ជាការ​ខេត្ត ហើយ​បាន​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ដើម្បី​តាម​ចាប់ខ្លួន​បក្សពួក​រហូត​ដល់​ខេត្ត​ទឹកដី​អង្គរ បាន​ចំនួន​០៦​នាក់ ។

នៅ​ក្នុង​របាយការណ៍ លោក សូ ឌី បាន​បង្ហាញ​ថា វត្ថុ​តាង​ដែល​បាន​រឹបអូស​រួម​មាន​៖ ១-​ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០៨​កញ្ចប់ មាន​ទម្ងន់​៤០៩,៩៣​ក្រាម​, ២-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១, ៣-​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ក្រុម​ជនសង្ស័យ​ខាងលើ​នេះ ជា​មុខសញ្ញា​ប្រ​ព្រឹ​តុ្ត​បទល្មើស​គ្រឿងញៀន​យ៉ាង​សកម្ម ហើយ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង ។ ប៉ុន្តែ​យ៉ាងណា បើ​តាម​លោក សូ ឌី បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​០៦​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តម​នីតិវិធី​ហើយ ៕