ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចកា.ត់សោទ្វារចូលបង្ក្រា.បទីតាំងល្បែ.ងស៊ីស.ង នៅចោមចៅទី៣ រឹបអូស​វត្ថុតាងជាច្រើន​ រីឯមនុស្ស​រត់គេ.ចអស់​

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង មួយ​កន្លែង ដោយ​ដកហូត​បាន​វត្ថុ​តាង​ពី​ក្នុង​ទីតាំង​នោះ​ជា​ច្រើន ។ ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​មនុស្ស​ទេ ដោយសារ​តែ​ពេល​កម្លាំង​ចុះ​ទៅ​ដល់​ឃើញ​ទីតាំង​នោះ​បិទទ្វារ​ចាក់សោ​ជិត​ទៅ​ហើយ ពុំ​មាន​មនុស្ស​ស្ថិត​នៅ​ក្នុង​នោះ​សូ​ម្បី​តែ​ម្នាក់​នោះ​ឡើយ ។

ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​ទីតាំង​ល្បែងស៊ីសង​ខាងលើ​គ្មាន​ស្លាក​យីហោ ស្ថិត​នៅផ្ទះ​លេខ F4-F5 ផ្លូវ​F113 ក្រុម​ទី​០១ ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​នេះ កម្លាំង​ចម្រុះ​ខាងលើ​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ទទួល​បាន​ព័ត៌មាន​ដ៏​ជាក់លាក់​ថា ទីតាំង​មួយ​នេះ​មាន​បើក​ល្បែងស៊ីសង ដោយ​មាន​មនុស្ស​ចូល​ទៅ​លេង​រាល់ថ្ងៃ ។ ក្រោយ​ពី​កំណត់​បានព័ត៌មាន​​ប្រាកដ​ហើយ​នោះ ទើប​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​សហការ​គ្នា​ចុះ​ទៅ​បង្ក្រាប​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​ទៅ​ដល់​ជាក់ស្ដែង​ឃើញ​ទីតាំង​មួយ​នេះ​បិទទ្វារ​ជិត ហើយ​គ្មាន​មនុស្ស​សូ​ម្បី​តែ​ម្នាក់ ទាំង​អ្នកគ្រប់គ្រង​ទីតាំង បុគ្គលិក​បម្រើ​ការងារ និង​អ្នក​លែង​ល្បែង​មិន​មាន​ឡើយ ដែល​សង្ស័យ​ថា​ពួក​គេ​ដឹងខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ទើប​គេចខ្លួន​បាត់​អស់​និង​បិទទ្វារ​ទីតាំង​ចោល​បែប​នេះ ។ ខណៈនោះ​កម្លាំង​ចម្រុះ​ខាងលើ​ក៏​បាន​សម្រេច​កាត់​សោ​ទ្វារ​ទីតាំង​នោះ រួច​ចូល​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​នៅ​ខាងក្នុង ហើយ​ក៏​បានឃើញ​វត្ថុ​តាង​ជា​ច្រើន ដែល​បញ្ជាក់​ថា​ទីតាំង​មួយ​នេះ​ពិតជា​បាន​លួចលាក់​លេងល្បែង ប្រាកដ​មែន ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​កម្លាំង​ខាងលើ​បាន​រឹបអូស​យក​វត្ថុ​តាង​ទាំងនោះ​រួម​មាន​៖
តុ​សម្រាប់​លេងបៀរ​ចំនួន​៩​តុ​, ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​,​ ទូ​ហ្គេ​ម​ធម្មតា​ចំនួន​៧​គ្រឿង​, ​ទូ​ហ្គេ​ម​មុខ​៨​​ចំនួន១​គ្រឿង ។ កៅអី​ពូក​មាន​កង់​ចំនួន​៤៧​កៅអី​,​កៅអី​ក្រហម​-​ខ្មៅ ចំនួន​៥៨​កៅអី​,​ម៉ូនីទ័រ​កុំព្យូទ័រ​ចំនួន ០៣​គ្រឿង​,​កុំព្យូទ័រ​យួរដៃ (laptop) ០១​គ្រឿង​,​ទូរ​ដែក​០១,​ហា​ឌី​សកា​មេ​រ៉ា សុវត្ថិភាព​ចំនួន​៥​គ្រឿង​,​ម៉ាស៊ីន​ព្រី​ន ១​គ្រឿង ។

ក្រោយ​ពី​ការ​រឹបអូស​វត្ថុ​តាង​ទាំងអស់​ខាងលើ​នោះ ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​កសាង​សំណុំរឿង ព្រមទាំង​ស្រាវជ្រាវ​រក​ម្ចាស់​ទីតាំង​ល្បែង​មួយ​នេះ ដើម្បី​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ ៕