អាជ្ញាធរខេត្តតាកែវ សម្រេចស្ដារផ្ទៃបឹងតាកែវ ដែលមានសភាពគោករាក់
- តាកែវ
ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនកាយអាចម៍ដីឯកជន ធ្វើការជីកស្តារផ្ទៃបឹងតាកែវផ្នែកខ្លះ ដែលកំពុងជួបបញ្ហាគោករាក់ឱ្យមានជម្រៅជ្រៅឡើងវិញ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកទុកក្នុងអាង ធានាដល់ការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រៀមលក្ខណៈទប់ទល់ នឹងគ្រោះរាំងស្ងួតនាដូវប្រាំងខាងមុខ។
លោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអោយដឹងក្នុងកិច្ចប្រជុំពិភាក្សាលើការធ្វើអាជីវកម្មរ៉ែ (កាយអាចម៍ដីលើផ្ទៃបឹងតាកែវ) កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្តថា ការផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជនក្នុងការស្តារផ្នែកខ្លះនៃផ្ទៃបឹងតាកែវ គឺត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់បំផុត ស្របតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន ខណៈផ្នែកខ្លះត្រូវបានគោករាក់ជម្រៅទឹកត្រឹម ១ម៉ែត្រកន្លះប៉ុណ្ណោះ។
លោកអភិបាលរងខេត្ត បានបន្តថា ក្នុងនោះដែរ អាជ្ញាធរ និងមន្ត្រីជំនាញតម្រូវឱ្យក្រុមហ៊ុនទាំងអស់ត្រូវតែដាក់ពាក្យស្នើសុំអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ និងត្រូវបង់សួយសារអាករចូលថវិការដ្ឋយ៉ាងខ្ជាប់ខ្ជួន មុននឹងចាប់ផ្តើមអនុវត្តសកម្មភាពការងាររបស់ខ្លួន។ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសដឹកនាំដោយមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត បានចុះពិនិត្យទីតាំងជាក់ស្តែងនៅផ្ទៃបឹងតាកែវ ដើម្បីណែនាំដល់តំណាងក្រុមហ៊ុនកាយដីទាំងអស់ឱ្យអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវដូចដែលមានចែងក្នុងកិច្ចសន្យា។
បន្ថែមពីនេះដែរ ក្រុមការងារបានជំរុញឱ្យការស្តារប្រព្រឹត្តទៅតាមលំដាប់លំដោយ ដើម្បីធ្វើយ៉ាងណាឱ្យផ្ទៃបឹងមានលំហូរទូលំទូលាយ និងរក្សាបាននូវទិដ្ឋភាពធម្មជាតិដូចដើមឡើងវិញ៕




ចែករំលែកព័តមាននេះ