ចាប់ខ្លួនបានហើយ! ជនដែលបាញ់គ្រា.ប់កង់ទៅលើស្ត្រីម្នាក់កំពុងស្រោចផ្កា
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៦ នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ក្រោយការស្រាវជ្រាវចាប់ខ្លួន និងសាកសួរក្នុងបទល្មើសលួចបាញ់ប្រហារស្ត្រីម្នាក់ដែលកំពុងស្រោចផ្កានៅក្នុងតៀមលក់ដូរមុខផ្ទះ ។

សូមរំលឹកថា កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៦ មានជនពុំស្គាល់មុខបានលបបាញ់ប្រហារទៅលើស្ត្រីរងគ្រោះម្នាក់ឈ្មោះ លៀង ពិសី អាយុ៣៩ឆ្នាំ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច បណ្ដាលឲ្យរងរបួសថ្ពាល់ ដោយបៀមគ្រាប់នៅលើផ្ទៃមុខ រួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ គ្រាដែលជនរងគ្រោះកំពុងតែស្រោចផ្កានៅក្នុងតូបលក់ដូរជាប់ផ្លូវ ។

លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខេត្ត បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុក និងប៉ុស្តិ៍មូលដ្ឋាន ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម ថារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសំរោងជាមួយជនរងគ្រោះដែរ ។

ក្រោយការសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើចំពាមកៅស៊ូ បាញ់គ្រាប់ប៉ាដាងដែកទៅលើជនរងគ្រោះពិតមែន ។ មូលហេតុគឺមានទំនាស់ជាមួយគ្នាយូរណាស់មកហើយ រឿងធ្វើរបងនៅលើលូជាប់ព្រំដីគ្នា ។

នៅថ្ងៃកើតហេតុ ឃើញឱកាសល្អពេលដែលជនរងគ្រោះកំពុងតែនៅក្នុងតៀមមុខផ្ទះស្រោចផ្កា ខ្លួនក៏បានយកជំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះតែម្ដង ។

សមត្ថកិច្ចនគរបាលបានដករហូតគ្រាប់ប៉ាដាង (គ្រាប់កង់) មួយថង់ និងខ្សែចំពាម១គូ ចំណែកដងចំពាម ត្រូវបានជនសង្ស័យប្រាប់ថា គ្រវែងចោលបាត់ហើយ ។

ចែករំលែកព័តមាននេះ