ប្តីត្អូញមិនស្រួលខ្លួន និងប្រកែកមិនព្រមឱ្យកោសខ្យល់ លុះជិតភ្លឺក្អក៣ដងផ្ទួនៗគ្នា ប្រពន្ធក្រោកមើល រន្ធ.ត់ចិត្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ក្រោយពេលត្រឡប់មកពីធ្វើការវិញ បានត្អូញត្អែរប្រាប់ប្រពន្ធថា គាត់មិនស្រួលខ្លួនសោះ លុះក្រោយពេលហូបបាយល្ងាចរួច ប្រពន្ធបានទាមទារកោសខ្យល់ឲ្យដែរ ប៉ុន្តែគាត់ប្រកែកមិនព្រមឱ្យកោសនោះទេ និងប្រាប់ប្រពន្ធថា គាត់បានស្រួលខ្លួនវិញហើយ ។ បន្ទាប់មកក៏បាននាំគ្នាចូលដេកជាធម្មតា រហូតដល់វេលាជិតភ្លឺ ប្រពន្ធបានឮបុរសជាប្ដីដែលកំពុងដេកក្បែរគ្នាក្អក៣ដងផ្ទួនៗគ្នា នាងក៏ក្រោកមើល និងចាប់អង្រួន ស្រាប់តែឃើញប្ដីមានអាការៈទន់ខ្លួនប្រាណ និងឡើងស្លេស្មពេញមាត់ រួចក៏ស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៦នាទីជិតភ្លឺថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ជួលលេខA១០ ស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសដែលស្លាប់ខាងលើនោះឈ្មោះ ស៊ី ពេញ អាយុ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធឈ្មោះជៀវ ស្រីណែត អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង២មានកូនប្រុសម្នាក់អាយុ៧ឆ្នាំ មានទីលំនៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបានមកស្នាក់នៅធ្វើការបន្ទប់ជួលកើតហេតុខាងលើ ។
នារីជាប្រពន្ធបាននិយាយថា កន្លងមកប្ដីរបស់នាងមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរប្រចាំកាយនោះទេ ប្តីរបស់គាត់មានសុខភាពល្អជាធម្មតាប៉ុណ្ណោះ ហើយកាលពីវេលាល្ងាចថ្ងៃទី៧ ខែកញ្ញា ក្រោយពេលចេញពីធ្វើការរោងចក្រត្រឡប់ដល់ផ្ទះវិញ រៀបចំហូបបាយល្ងាច ប្ដីរបស់នាងបានត្អូញត្អែរប្រាប់នាងថា គាត់មិនស្រួលខ្លួនសោះ ។ ពេលនោះនាងមានការព្រួយបារម្ភចំពោះសុខភាពប្ដីខ្លាំងណាស់ ហើយក្រោយពេលហូបបាយល្ងាចរួច នៅវេលាម៉ោង៨យប់ថ្ងៃដដែល នាងបានទាមទារកោសខ្យល់ឲ្យប្ដីដែរ ប៉ុន្តែប្ដីបានប្រកែកមិនព្រមឲ្យកោសខ្យល់ឱ្យនោះទេ ដោយបាននិយាយប្រាប់នាងថា «ឥឡូវគាត់បានស្រួលខ្លួនវិញហើយ មិនបាច់កោសទេដេកទៅ» ។
នាងជៀវ ស្រីណែត បាននិយាយរៀបរាប់បន្តថា ក្រោយពេលប្ដីប្រាប់បែបនេះនាងក៏បានធូរចិត្តដែរ ហើយក៏នាំគ្នាដេកលង់លក់ជាធម្មតា រហូតដល់វេលាម៉ោង៣និង៥៦នាទីជិតភ្លឺថ្ងៃទី០៨ ខែកញ្ញា ស្រាប់តែឮប្ដីក្អក៣ដងផ្ទួនៗ នាងក៏ក្រោកមើល ឃើញប្ដីបាត់មាត់ឈឹង ។ ចំណែកខ្លួនប្រាណទន់ត្រជាក់ដូចទឹកកក និងឡើងស្លេស្មពេញមាត់ រួចក៏ស្លាប់បាត់បង់ជីវិតភ្លាមៗត្រឹមមួយប៉ប្រិចភ្នែក ពេលនោះនាងបានស្រែកហៅអ្នកជិតខាងឲ្យជួយបង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់តែម្ដង ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កំបូលនិងនគរបាលខណ្ឌកំបូល បានចុះទៅចងខ្សែព័ទ្ធការពារកន្លែងកើតហេតុ រួចរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទៅធ្វើកោសល្យវិច័យ រកមូលហេតុនៃមរណភាពបុរសនោះហើយ ៕





ចែករំលែកព័តមាននេះ