ខេត្តប៉ៃលិន ៖ នាឱកាសថ្ងៃចុងសប្តាហ៍ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ គេសង្កេតឃើញភ្ញៀវទេសចរ ក្មេងចាស់ប្រុសស្រីជាច្រើននាក់ បានធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដោយនាំគ្នាជិះរថយន្តក្រុង និងរថយន្តទេសចរណ៍ជាច្រើនគ្រឿង ចូលមកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិនជាច្រើនគួរឱ្យកត់សម្គាល់ ខណៈដែលអាជីវករលក់ដូរនៅតាមគោលដៅក្បែរកន្លែងកម្សាន្ត តាមដងផ្លូវ មានការមមាញឹកស្ទើររកពេលសម្រាកគ្មាននោះឡើយ ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ស៊ឹម កំសាន្ត ភេទប្រុស បានរៀបរាប់ឱ្យដឹងថា ពួកគាត់រស់នៅក្នុងខេត្តកណ្តាល ក្បែររាជធានីភ្នំពេញ ដោយបាននាំគ្នាជួលរថយន្តក្រុងជិះចេញមកធ្វើបុណ្យទាននៅឯស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយក៏បន្តដំណើរទៅលេងរហូតដល់ស្រុកសំឡូត ខេត្តបាត់ដំបង អស់រយៈពេល២ទៅ៣ថ្ងៃ ។
ប្រភពបន្តទៀតថា រហូតមកដល់ថ្ងៃចុងសប្តាហ៍ ពួកគាត់ក៏បាននិយាយជាមួយម្ចាស់រថយន្ត ឱ្យដឹកបន្តដំណើរចូលមកលេងតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ជាពិសេសគឺរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត ដែលមានរូបសំណាកយាយយ៉ាតនៅក្បែរដងផ្លូវ ជាឱកាសល្អ អាចឱ្យពួកគាត់ចូលទៅដុតធូបបួងសួងសុំសេចក្តីសុខ សុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ និងការរស់នៅជាមួយក្រុមគ្រួសារប្រចាំថ្ងៃ។ លើសពីនេះ ពួកគាត់ក៏សុំឱ្យមុខរបរទទួលទានប្រចាំថ្ងៃកក់កប មានលុយកាក់ចាយវាយគ្រប់គ្រាន់ មានម៉ូយកាន់តែច្រើន ហើយថែមទាំងទទួលបានពរជ័យសិរីសួស្តីគ្រប់ៗក្រុមគ្រួសារ។ ចំណែកអ្នកខ្លះទៀត ក៏បួងសួងសុំឱ្យប្រទេសកម្ពុជាជួបតែសេចក្តីសុខ កុំឱ្យជួបនូវវិបត្តិសង្គ្រាមឈ្លានពានអ្វីពីបរទេសកើតឡើង ដែលនាំឱ្យពួកគាត់មានការលំបាករត់លូន ជាពិសេសគឺរស់នៅទាំងមានការភិតភ័យលំបាកក្នុងអារម្មណ៍ និងដេកអត់លក់ ធ្វើឱ្យកើតជំងឺស្ត្រេសផងដែរ ។
បើតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ ម៉ៅ អាយុ៥៥ឆ្នាំ រស់នៅខេត្តបាត់ដំបង បានរៀប រាប់ឱ្យដឹងដែរថា ពួកគាត់មានគ្នាជាង៣០នាក់ ដោយបានរៃអង្គាសថវិកា បានមួយចំនួនក៏ជួលរថយន្តក្រុងឱ្យដឹកមកលេងនៅក្នុងខេត្តប៉ៃលិន នាថ្ងៃចុងសប្តាហ៍ ដោយមុនដំបូង គឺចូលមកដុតធូបនៅរូបសំណាកលោកយាយយ៉ាតក្បែរផ្លូវសិន ក្រោយមកក៏នាំគ្នាធ្វើដំណើរបន្តទៅលេងទឹកធ្លាក់ភ្នំខៀវ ដែលមានចំងាយប្រមាណ៥ទៅ៦គីឡូម៉ែត្រពីទីរួមខេត្ត ជាកន្លែងដែលពួកគាត់ធ្លាប់នាំគ្នាទៅលេងនៅទីនោះជាញឹកញាប់។ ហើយក៏ជាកន្លែងមួយដែលមានទេសភាពស្រស់បំព្រងមានម្លប់ដើមឈើធំៗតាមដងផ្លូវ ដែលបញ្ចេញនូវចំហាយត្រជាក់កាយ ហើយធ្វើឱ្យដួងចិត្តរបស់ពួកគាត់មានការធូរស្បើយពីទុក្ខកង្វល់នានា ។ លុះក្រោយពីម្នាក់ៗ បានចុះងូតទឹកធ្លាក់លេង ដែលជាកន្លែងមានទឹកហូរមកពីលើ មានសភាពថ្លាឈ្វេង ត្រជាក់កាយដូចទឹកអម្រិត ហើយបានផ្តល់នូវថាមពលដល់រាងកាយរបស់ពួកគាត់ថែមទៀត។ បន្ទាប់ពីនាំគ្នាហែលលែងមួយស្របក់រួចមក ក៏នាំគ្នារៀបចំឡើងរថយន្តត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ ពួកគាត់បញ្ជាក់ថា ពួកគាត់នឹងនាំគ្នាដើរលេងកម្សាន្តឱ្យបានញឹកញាប់ ដើម្បីបំបាត់នូវបញ្ហាតានតឹងក្នុងអារម្មណ៍ និងធ្វើឱ្យពួកគាត់អាចមានថាមពល និងគិតអ្វីៗឆាប់យល់ ថែមទាំងអាចជួយបង្កើនអាយុផងដែរ ៕









ចែករំលែកព័តមាននេះ