ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយបញ្ចប់ហើយ! ករណី​យុវ​សិស្ស​៧​នាក់​មក​ពី​ខេត្ត​ចា.ញ់បោ.ក​ម្ចាស់ផ្ទះ​ជួល

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​ប្រុស​ស្រី​៧​នាក់ ទើប​ប្រឡង​ជាប់​បាក់​ឌុ​ប​ថ្មី​ៗ បាន​ឡើង​មក​ពី​ខេត្តកោះកុង ដើម្បី​បន្ត​ការ​សិក្សា និង​រក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​បបួល​គ្នា​មក​ជួល​បន្ទប់​ស្នាក់​នៅ​ដែល​នៅ​ជិត​ក្រុង ។​ពេល​ពួក​គេ​មក​រក ស្រាប់តែ​ផ្ទះ​ជួល​នេះ​នៅ​ដាច់​ស្រយាល ហើយ​ក៏​បាន​ទារ​លុយ​ថ្លៃ​កក់ និង​ថ្លៃ​ជួល​ចំនួន​៣៦០​ដុល្លារ​វិញ តែ​ម្ចាស់ផ្ទះ​ជួល​មិន​ព្រមឱ្យ ទើប​ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​សម្របសម្រួល កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​សេះស សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវ​សិស្ស​ទាំងប្រុស​ទាំងស្រី​ចំនួន​៧​នាក់ ទើប​ប្រឡង​បាក់​ឌុ​ប​ជាប់​បាន​ចេញដំណើរ​មក​ពី​ខេត្តកោះកុង ត្រូវ​មក​រៀន​បន្ត​នៅ​ភ្នំពេញ ខ្លះ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ខ្លះ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ជាដើម ។ ចំពោះ​ការ​ជួល​ផ្ទះ​ស្នាក់​នៅ​នេះ​ដោយសារ​ពួក​គាត់​បានឃើញ​ការ​បង្ហោះ​តាម​អន​ឡាញ រឿង​បន្ទប់​ជួល​នៅ​ម្តុំ​ខាងលើ ពួក​គាត់​បាន​ទាក់ទង​ម្ចាស់ផ្ទះ​សួរនាំ​ថា​បន្ទប់​ជួល​នៅ​ជិត​ផ្លូវ​ធំ ស្រួល​ចេញ​-​ចូល​ឬទេ ? គេ​ថា​ស្រួល​ចេញចូល​នៅ​ជាប់​ផ្លូវ​ធំ ហើយ​តម្រូវ​ឱ្យ​ពួក​គាត់​កក់​លុយ​មុន​ចំនួន​១០០​ដុល្លារ ។ ពេល​នោះ​ពួក​គាត់​ក៏​ព្រម​កក់​តាម​ផង​ដែរ ។

លុះ​ពេល​កក់​លុយ​ហើយ ពួក​គាត់​ធ្វើ​ដំណើរ​មក​ពី​ស្រុក​កំណើត ម្ចាស់ផ្ទះ​បាន​ដាក់ location ខុស​ពី​ទីតាំង​ដាក់​ឱ្យ​ដំបូង​ក្នុង​ការ​បង្ហោះ​តាម​អន​ឡាញ ។ លុះ​ពួក​គាត់​ធ្វើ​ដំណើរ​មក​ដល់​ខាង​មុខ​បន្ទប់​ជួល​បាន​ទាក់ទង​ទៅ​ម្ចាស់ផ្ទះ ដើម្បី​សុំ​មើល​បន្ទប់ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឱ្យ​បង់លុយ​២៦០​ដុល្លារ​ថែម​ទៀត ទើប​ឱ្យ​សោ​ចូល​មើល​បន្ទប់ ។

ពេល​នោះ​ពួក​គេ ក៏​ព្រម​បាញ់​លុយ​ឱ្យ​គ្រប់​ចំនួន​៣៦០​ដុល្លារ ចំនួន​៣​បន្ទប់ ប៉ុន្តែ​ពេល​បាញ់​លុយ​ហើយ ពួក​គាត់​ឃើញ​ថា បន្ទប់​ជួល​ស្អាត តែ​អ្វី​ដែល​សំខាន់ គឺ​ទីតាំង​ផ្លូវ​ចូល​ទៅ​ឆ្ងាយ​ហើយ​ផ្លូវ​ស្ងាត់​ទៀត ។ ពួក​គាត់​បារម្ភ​ពី​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​យប់ ព្រោះ​ពួក​គាត់​ត្រូវ​រៀន​ផង​និង​ធ្វើការ​ផង ។ ម្យ៉ាងទៀត​នៅ​ឆ្ងាយ​ពី​សាលារៀន​ទៀត ទើប​ពួក​គេ​សុំ​យក​លុយ​២៦០​ដុល្លារ​វិញ ហើយ​លុយ​កក់​ដំបូង​១០០​ដុល្លារ គឺ​ពួក​គេ​ទុក​ឱ្យ​ម្ចាស់ផ្ទះ​ទៅ​ចុះ ។ តែ​ពេល​នោះ ម្ចាស់ផ្ទះ​មិន​ព្រមឱ្យ​វិញ​នោះ​ទេ ថែម​ទាំង​ប្រើ​ពាក្យ​ជំរុញ​ឱ្យ​ពួក​គេ​ទៅ​ប្តឹង​ដល់​ណា​ក៏​ប្តឹង​ទៅ ទោះបីជា​ពេល​នោះ​ពួក​គេ​ទៅ​ប្តឹង​ឲ្យ​មេ​ភូមិ​ជួយ​អន្តរាគមន៍​ក៏​មិន​បាន​លទ្ធផល​ដែរ ធ្វើ​ឲ្យ​ពួក​គេ​បង្ខំចិត្ត​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មជ្ឈដ្ឋាន​នានា​បាន​ជួយ​ដល់​ពួក​គេ​ផង ។

បន្ទាប់​ពី​បង្ហោះ​ហ្វេ​ស​បុក​ផ្អើល​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​អភិបាលរង​ខណ្ឌ​សែន​សុខ​ម្នាក់ បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​សម្របសម្រួល​ទាំង​យប់ ដោយ​ខាង​អាជ្ញាធរ​ជួយ​ចេញ​លុយ​ដែល​បង់ថ្លៃ​បន្ទប់​ជំនួស​ឱ្យទៅ​ខាង​ប្អូន​ៗ​ជា​សិស្ស និស្សិត​ចំនួន​៣៦០​ដុល្លារ ដើម្បី​ឱ្យ​ប្អូន​ទៅ​រក​កន្លែង​ស្នាក់​នៅ​ជិត​សាលារៀន​និង​កន្លែងធ្វើការ​របស់​ប្អូន​ៗ ។ ចំណែក​ម្ចាស់ផ្ទះ​វិញ ពេល​អាជ្ញាធរ​ចុះ​ទៅ​សួរនាំ បែរជា​គេចវេស​ថា​រវល់​ទៅ​តាម​ខេត្ត​ទៅ​វិញ ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ បើសិនជា​ម្ចាស់ផ្ទះ​មិន​ព្រម​ប្រគល់​លុយ​ជូន​ប្អូន​ៗ​យុវ​សិស្ស​វិញ​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​និង​មាន​វិធានការ​ច្បាប់​ជា​មិន​ខាន ។

នាំ​ខ្លួន​ម្ចាស់ផ្ទះ​ជួល​ទៅ​សាកសួរ​បន្ទាប់​ពី​ប្រើ​ល្បិច​បោកប្រាស់ម្ចាស់ផ្ទះ​ជួល​ដែល​បាន​ប្រើ​ល្បិច​បោកប្រាស់​ជួល​ផ្ទះ​ឱ្យ​សិស្សសាលា ដែល​ទើបតែ​ប្រឡង​ជាប់​ថ្មី​ៗ​មក​រៀន​នៅ​ភ្នំពេញ ហើយ​យក​ពួក​គេ​ទៅ​ឲ្យ​ស្នាក់​នៅផ្ទះ​ដាច់​ស្រយាល​បាន​បង្ក​ឲ្យ​មាន​បាតុភាព និង​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៦​នេះ ។ ដោយឡែក យុវ​សិស្ស​៧​នាក់ ក្នុង​នោះ​ប្រុស​៣ (​ស្រី​៤​នាក់​) ត្រូវ​បាន​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​សែន​សុខ​នាំ​ទៅ​ជួល​ផ្ទះ​ឲ្យ​ស្នាក់​នៅ​រយៈពេល​១​ឆ្នាំ​ផង​ដែរ ។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដែល​នាំ​ខ្លួន​ទៅ​សាកសួរ​ឈ្មោះ សុខ គឹ​ម​លាង អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​សុខ​ទី​៧ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

នៅ​ព្រឹក​នោះ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ហាក់ដូចជា​ពុំ​ទទួលស្គាល់​នូវ​កំហុស​នោះ​ទេ ថែម​ទាំង​ខឹងសម្បា​លើ​យុវ​សិស្ស​ដែល​ថត​បង្ហោះ​ទៀត ។ បន្ទាប់​ពី​សម្របសម្រួល​មិន​ត្រូវ​គ្នា ស្ត្រី​ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ។
ដោយឡែក​យុវ​សិស្ស​ដោយ​មានការ​អាណិតអាសូរ លោក​អភិបាល​ខណ្ឌ​ចាត់ចែង​រក​ជួល​ផ្ទះ និង​ចេញ​លុយ​ឱ្យ​ស្នាក់​នៅ​រយៈពេល​មួយ​ឆ្នាំ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជាប់ចោទ​បោកប្រាស់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ក្រោយ​នាំ​ទៅ​កាន់​អធិការដ្ឋាន ម្ចាស់ផ្ទះ​ជួល​រូប​នេះ​បាន​ធ្វើ​កិច្ចសន្យា​បញ្ចប់ ដោយ​ខាង​ម្ចាស់ផ្ទះ​ជួល​ទទួលស្គាល់​កំហុស​និង​ព្រមឱ្យ​លុយ​ទៅ​យុវ​សិស្ស​វិញ ។ ដោយឡែក​យុវ​សិស្ស លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​បាន​ជួល​បន្ទប់​ឱ្យ​ពួក​គេ​ស្នាក់​នៅ​១​ឆ្នាំ​ផង​ដែរ​នៅ​ជិត​សាលា ៕