ជាងផ្សារដុំដែក ខុសបច្ចេកទេស បង្កជាអគ្គិភ័យឆាបឆេះ ជាងម្នាក់ រងរបួ.ស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីជាងផ្សារដុំដែក ខុសបច្ចេកទេស បង្កជាអគ្គិភ័យឆាបឆេះ បណ្តាលឱ្យជាងម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវលំ ក្រុម២ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សម្នាក់រងរបួស ដែលត្រូវជា «ជាងផ្សារ» និងខូចខាតរោងដែកទំហំ (០.៥ម៉ែត្រ x ១.៥ម៉ែត្រ) រួមជាមួយម៉ូទ័រកាត់ផ្សារដុំដែកចំនួន ១គ្រឿង។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៥គ្រឿង រួមមានរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៣គ្រឿង (ប្រើប្រាស់ទឹកអស់ ១គ្រឿង) , រថយន្តអគ្គិភ័យបុរី ចំនួន ១គ្រឿង (ពុំបានប្រើប្រាស់ទឹក) , រថយន្តអគ្គិភ័យកោះនរា ចំនួន ១គ្រឿង (ពុំបានប្រើប្រាស់ទឹក) ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីជាងផ្សារកាត់ដុំដែក ហើយខ្ទាតផ្កាភ្លើងបង្កជាអគ្គិភ័យ ៕




ចែករំលែកព័តមាននេះ