ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​សមរភូមិ​មុខ​ទិស​បន្ទាយ​មាន​ជ័យ លើកដៃ​សុំ​ជំនួយ​ក្រោយ​ព្រះ​អគ្គី​លេប​យក​ផ្ទះ​អស់​គ្មាន​សល់

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​យោធា​សមរភូមិ​មុខ​ម្នាក់​ប្រចាំ​ទិស​ខេត្តបន្ទាយមានជ័យ បាន​លើកដៃ​សុំ​ជំនួយ​ពី​អាជ្ញាធរ ឬ​សប្បុរសជន​នានា បន្ទាប់​ពី​គ្រួសារ​គាត់​បាន​រង​គ្រោះ​ដោយសារអគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​របស់​គាត់​អស់​គ្មាន​សល់ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​មុន នៅ​ភូមិ​ចង្ហូរ​ស្វាយ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ។

លោក ប៉ា​ល់ សត្យា អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា​សមរភូមិ​មុខ​ប្រចាំ​ទិស ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​មាន​លំនៅ​ឋាន និង​ប្រពន្ធ​កូន​នៅ​ស្រុក​បាណ​ន់ ។ ស្ថិត​ក្នុង​ឯកសណ្ឋាន​កងទ័ព ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​គំនរ​ផេះ​ផង់​នៅ​ខាងក្រោយ​ខ្នង តាម​រយៈ​បណ្ដាញ​សង្គម (​ហ្វេ​ស​ប៊ុ​ក​) ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា លោក បាល់ សត្យា លើក​ម្រាមដៃ​ដប់​ផ្ញើ​សារ​ត្រង់​ៗ​សុំ​ការ​អនុគ្រោះ​ពី​អាជ្ញាធរ ឬ​សប្បុរសជន​នានា មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​សម្ភារ​នានា ដើម្បី​បាន​សាងសង់​ជម្រក​ស្នាក់​នៅ​ឡើង​វិញ បន្ទាប់​ពី​ផ្ទះ​របស់​គាត់​ដែល​ឪពុក​ម្ដាយក្មេក​បាន​ចែក​ឲ្យ​រស់នៅ ត្រូវ​អគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​គាត់​កំពុង​ជាប់​បេសកកម្ម​នៅ​សមរ​ភ​ភូមិ​មុខ (​បឹង​ត្រ​កូន​) ។

លោក ប៉ា​ល់ សត្យា ជា​មន្ត្រី​យោធា​ប្រចាំ​ទិស​ជួរ​មុខ មា​នភា​រិ​យា​ឈ្មោះ សេត ផា​យី អាយុ​២៨​ឆ្នាំ មានកូន​ប្រុស​មួយ អាយុ​០៣​ឆ្នាំ ក្នុង​បន្ទុក ។ បច្ចុប្បន្ន លោក​និង​ភរិយា ជ្រកកោណ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​ឪពុក​ម្ដាយក្មេក (​ខាង​ភរិយា​) ប៉ុន្តែ​ពេល​នេះ លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​រាប​ដល់​ដី កាលពី​ថ្ងៃ​ទី​០៥ កញ្ញា ដែល​ស្ថិត​នៅ​ភូមិ​ចង្ហូរ​ស្វាយ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ។

លោក ប៉ា​ល់ សត្យា បាន​ប្រាប់​ថា លំនៅ​ឋាន​ដែល​រង​គ្រោះ​ដោយសារ​ព្រះ​អគ្គី​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៥​ម៉​x៦​ម៉ ។ លោក​និង​ភរិយា បាន​ស្នាក់​នៅផ្ទះ​នេះ ជាមួយនឹង​ឪពុក​ម្ដាយក្មេក ដែល​មាន​វ័យចាស់​ជរា​ទៅ​ហើយ ។ ពេល​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ គឺ​លោក​កំពុង​នៅ​សមរភូមិ​មុខ ។

លោក​បាន​សុំ​ច្បាប់​មេបញ្ជាការ​ភ្លាម​ៗ ក្រោយ​ពី​ភរិយា​ទូរស័ព្ទ​ប្រាប់​ពី​រឿង​ដ៏​អ​កុស​ល្យ​នេះ​។ មន្ត្រី​យោធា​រូប​នេះ​បាន​បញ្ជាក់​ថា ផ្ទះ​របស់​លោក​ត្រូវ​ភ្លើង​ឆេះ​រាប​ដល់​ដី ហើយ​មានទ្រព្យ​សប្ប​ត្តិ​តិចតួច​ដែល​អ្នក​ភូមិ​ជួយ​រំដោះ​បាន​ពី​ចំណី​ព្រះ​អគ្គី ។ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មិន​អាច​ជួយ​អន្តរាគមន៍​បាន​ទេ ដោយសារ​តែ​ភ្លើង​ឆេះ​លឿន​ពេក ។ ពេល​នេះ​ប្រពន្ធ​កូន និង​ឪពុក​ម្ដាយក្មេក កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​ខ្ទម​តូច​មួយ​របស់​បងស្រី នៅ​ខាងក្រោយ​ផ្ទះ​ដែល​ឆេះ ។ ប៉ុន្តែ​លោក​សត្យា បាន​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​អគ្គិភ័យ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ទី ០៦ កញ្ញា រដ្ឋបាល​ស្រុក​បាណ​ន់ និង​មន្ត្រី​កាកបាទក្រហម រួម​ជាមួយ​មន្ត្រី​មូលដ្ឋាន​ផង បាន​នាំ​យក​អំណោយ ជា​ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ផង ប្រគល់​ជូន​ដល់​គ្រួសារ​លោក ដើម្បី​ដោះស្រាយ​បឋម​ក្នុង​គ្រា​ក្រុម​គ្រួសារ​លោក​កំពុង​ជួយ​គ្រោះអាសន្ន ។

ប៉ុន្តែ​អ្វី​ដែល​គ្រួសារ​លោក​ប្រឈម​ទៅ​ថ្ងៃ​មុខ គឺ​ជម្រក​ស្នាក់​នៅ ដែល​ពេល​នេះ​គ្រួសារ​លោក​ពុំ​មាន​លទ្ធភាព​ទេ ដូច្នេះ​ហើយ ទើប​លោក​ដាច់​ចិត្ត លើកដៃ​សុំ​ការ​អនុគ្រោះ​ពី​អាជ្ញាធរ ឬ​សប្បុរសជន​នានា ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​លោក​ផង ។
អភិបាលស្រុក​បាណ​ន់ លោក ស្រេង សុខា បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ដែរ​ថា រដ្ឋបាល​ស្រុក​បាណ​ន់ និង​អនុ​សាខា​កាកបាទ​ប្រ​ហម​ស្រុក រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ប្រគល់​ជូន​គ្រួសារ​រង​គ្រោះ​ខាងលើ​នេះ ក្រោយ​កើតហេតុ​០១​ថ្ងៃ ។

តាម​រយៈ​របាយការណ៍​របស់​លោក អំណោយ​ទាំងនោះ​មាន​គ្រឿង​ឧបភោគ បរិភោគសម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន ។ លោក ស្រេង សុខា បាន​បញ្ជាក់​ដែរ​ថា គ្រួសារ​រីរ​កងទ័ព​នេះ ស្នាក់​នៅ​ក្រោម​ដំបូល​តែ​មួយ ជាមួយ​ឪពុក​ម្ដាយក្មេក (​ខាង​ស្រី​) ប៉ុន្តែ​ពេល​នេះ ពួក​គាត់​ពិតជា​ពុំ​មាន​ជម្រក​ស្នាក់​នៅ​មែន ព្រោះ​ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​អស់ហើយ ៕