អគារចាស់ទ្រុឌទ្រោមមួយកន្លែងនៅសង្កាត់អូរឫស្សីទី៤ បា.ក់ដំបូលសំយ៉ាប ប៉ះពាល់ម៉ូតូ ២គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីបាក់ដំបូលសំយ៉ាប នៃអគារចាស់ទ្រុឌទ្រោមមួយកន្លែង ត្រូវចំម៉ូតូចំនួន២គ្រឿង រងការខូចខាត ប៉ុន្តែសំណាងល្អមិនមានត្រូវចំមនុស្សណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ កែងផ្លូវលេខ ១០៧ (សុកហុក) ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា អគារចាស់មួយនេះពុំមានមនុស្សរស់នៅនោះឡើយ ហើយកន្លងមក អគារនេះក៏ធ្លាប់រងការឆាបឆេះម្ដងរួចមកហើយដែរ ដែលជាកត្តាធ្វើឱ្យសំណង់នេះកាន់តែពុកផុយ និងទ្រុឌទ្រោមខ្លាំង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានម៉ូតូជាច្រើនគ្រឿង ត្រូវបានអ្នករស់នៅតំបន់នោះយកទៅទុកផ្ញើនៅខាងក្រោមអគារ ហើយពេលនោះពុំមានមនុស្សដើរឆ្លងកាត់ឡើយ ។ ខណៈនៅវេលាម៉ោង ៤ជាង ក៏ស្រាប់តែដំបូលសំយ៉ាបដែលពុកផុយនោះ បានបាក់ធ្លាក់មកម្តងមួយដុំៗចុះមកក្រោម ត្រូវចំម៉ូតូចំនួន ២គ្រឿង បណ្តាលឱ្យរងការខូចខាត។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីចុះមកអន្តរាគមន៍តែម្តង ។
បច្ចុប្បន្ន កំណាត់ផ្លូវដែលងាយរងគ្រោះថ្នាក់ដោយសារការបាក់ធ្លាក់ដំបូលសំយ៉ាបអគារចាស់ទ្រុឌទ្រោមខាងលើ ត្រូវបានអាជ្ញាធរហ៊ុមព័ទ្ធខ្សែមិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ ដោយអាជ្ញាធរមូលដ្ឋានកំពុងស្នើទៅកាន់សុរិយោដី រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីដោះស្រាយជាបន្ត ៕




ចែករំលែកព័តមាននេះ