រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស័រហ្គេយ ឡាវរ៉ូស (Sergey Lavrov) បានអះអាងថា អាល្លឺម៉ង់ចង់ប្រកាសសង្គ្រាមប្រឆាំងរុស្ស៊ី ។ ការអះអាងនេះ ធ្វើឡើងជាប្រតិកម្មតបចំពោះសម្តីរបស់អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រិករ៍ មើស៍ (Friedrich Merz) ដែលប្រកាសបំណងចង់ធ្វើឱ្យអាល្លឺម៉ង់ក្លាយជាមហាអំណាចយោធាធំទីមួយនៅអឺរ៉ុប ។

លោក ឡាវរ៉ូស បានចាត់ទុកគំនិតនេះថា ជាបាតុភូតគ្រោះថ្នាក់ និងជាការកើតមានឡើងវិញនៃគំនិតណាហ្ស៊ីនិយម។ជាមួយគ្នានេះ លោកក៏បានច្រានចោលការចោទប្រកាន់ថា រុស្ស៊ីពាក់ព័ន្ធនឹងករណីដ្រូនផ្ទុកគ្រឿងផ្ទុះនៅព្រលានយន្តហោះក្រុងឡីបស៊ីក (Leipzig) ទឹកដីអាល្លឺម៉ង់ ដោយអះអាងថាគ្មានការស៊ើបអង្កេតច្បាស់លាស់។
ភាពតានតឹងបានឈានដល់ការចាត់វិធានការណ៍តបតដាក់គ្នា ដោយអាល្លឺម៉ង់បានបិទផ្ទះវប្បធម៌រុស្ស៊ីនៅក្រុងប៊ែរឡាំង និងស្ថានកុងស៊ុលរុស្ស៊ីនៅក្រុងបោន (Bonn)។ ជាការឆ្លើយតប រុស្ស៊ីបានសម្រេចបិទវិទ្យាស្ថាន ហ្គើតេ (Goethe Institute) របស់អាល្លឺម៉ង់ក្នុងទឹកដីខ្លួន ព្រមទាំងកោះហៅភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំក្រុងមូស្គូ ដើម្បីប្រឆាំងនឹងសេចក្តីថ្លែងការណ៍អរិភាពនានា។
ទំនាក់ទំនងរវាងក្រុងមូស្គូ និងក្រុងប៊ែរឡាំង កំពុងធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាភាពតានតឹងនាពេលនេះនៅទ្រឹងត្រឹមកម្រិតវោហារសាស្ត្រ និងការទូតក៏ដោយ ។

ចែករំលែកព័តមាននេះ