ប្រទេសកូរ៉េខាងត្បូងបានបដិសេធកាលពីថ្ងៃទី១១ សីហា នូវការតវ៉ារបស់កូរ៉េខាងជើងដែលថា កូរ៉េខាងជើងពុំបានបាញ់គ្រាប់កាំភ្លើងនៅក្នុងដែនទឹកជិតព្រំដែនសមុទ្រភាគខាងលិចកាលពីថ្ងៃទី១០ សីហាឡើយ។ យោងតាមកូរ៉េខាងត្បូងថា កងទាហានរបស់ខ្លួនបានស្តាប់ឮកាលពីថ្ងៃទី១០ សីហា នូវស្នូរបាញ់គ្រាប់កាំភ្លើងធំរបស់កូរ៉េខាងជើង ក្នុងនោះមួយគ្រាប់ធ្លាក់ជិតព្រំដែនសមុទ្រដែលមានជម្លោះរវាងកូរ៉េទាំង២។ ដូច្នេះហើយបានជាកងទាហានកូរ៉េខាងត្បូងបាញ់តបតវិញ។
ក្រោយមកក្រុងព្យុងយ៉ាងអះអាងតាមម៉ាស៊ីនឃោសនារបស់ខ្លួនថា កងទាហានកូរ៉េខាងត្បូងបានស្តាប់ឮការផ្ទុះនៅឯទីតាំងសាងសង់មួយទេ។ ក៏ប៉ុន្តែក្រសួងការពារប្រទេសកូរ៉េខាងត្បូងគូសបញ្ជាក់កាលពីថ្ងៃទី១១ សីហា ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា លេសបែបនេះមិនសមស្របឡើយ។ តំបន់ព្រំដែនសមុទ្រនោះធ្លាប់ជាទីលាននៃការបាញ់តគ្នាដោយកាំភ្លើងធំកាលពីខែវិច្ឆិកា ឆ្នាំ២០១០បណ្តាលឱ្យទាហានកូរ៉ខាងត្បូង៤នាក់ស្លាប់។
សហរដ្ឋអាមេរិកបានអំពាវនាវកាលពីថ្ងៃទី១០ សីហា ដល់កូរ៉េខាងជើងឱ្យមានការអត់ធ្មត់ក្រោយពីប្រទេសកុំមុយនីស្តនេះបាញ់កាំភ្លើងក្នុងសមុទ្រលឿងជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងបានបាញ់កាំភ្លើងធំតបវិញ ក៏ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាដោយផ្ទាល់ ឬអ្នករបួសឡើយ ៕
ចែករំលែកព័តមាននេះ