ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ ១​ខ្នង​អស់ទាំង​​ស្រុង នៅ​ខណ្ឌ​ច្បារ​អំពៅ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង​អស់ទាំង​ស្រុង រួម​ទាំង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិតខាង បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្សែង​ហ៊ុយ​​យ៉ាង​ខ្លាំងចេញ​ពី​ជាន់​លើ​​របស់​ផ្ទះ​កើតហេតុ​។ អ្នក​ជិតខាង​បាន​ប្រញាប់ប្រញាល់​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក​មិន​អាច​គ្រប់គ្រង​បាន ទើប​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ស្នើ​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ជា​បន្ទាន់ ។

ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយា​ល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១០​គ្រឿង (​រួម​មាន​៖ រថយន្ត​ពន្លត់អគ្គិភ័យរបស់​ស្នងការដ្ឋាន​រាជធានី​, រថយន្ត​ពន្លត់អគ្គិភ័យរបស់​ក្រសួងមហាផ្ទៃ​, រថយន្ត​ពន្លត់អគ្គិភ័យរបស់​ក្រុមហ៊ុនស្រា​បៀរ និង​រថយន្ត​ពន្លត់អគ្គិភ័យរបស់​កោះន​រា) ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ ។

គ្រោះ​អគ្គិភ័យ​នេះ បាន​បង្ក​ការ​ខូចខាត​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ចំនួន ១​ខ្នង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​បាត់បង់​ជីវិត​ឡើយ​។ ចំពោះ​មូលហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​)៕