ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខបា.ញ់ប្រហារ ខណៈកំពុងតែស្រោចទឹកផ្កា
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានអះអាងថា រងរបួស បន្ទាប់ពីត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារ កាលពីយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិសំរោង ឃុំជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើឈ្មោះ លៀង ពិសី អាយុ៣៦ឆ្នាំ មានប្ដីកំពុងធ្វើការនៅប្រទេសកូរ៉េ។
ស្ត្រីរងគ្រោះបានរងរបួសមុខ និងច្រមុះ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ដោយសារគ្រាប់ដែលបាញ់នៅបៀមជាប់លើផ្ទៃមុខ។ ចំណែកមូលហេតុ និងដំណើររឿងលម្អិតជុំវិញករណីបាញ់ប្រហារនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។
លោក ប៉ុល វុទ្ធី ស្នងការរង និងជាអ្នកនាំពាក្យស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ករណីនេះមិនមែនជាការបាញ់ប្រហារដោយកាំភ្លើងនោះទេ តាមការសន្និដ្ឋាន អាចប្រើចំពាមកៅស៊ូ ឬកាំភ្លើងខ្យល់ ។
ករណីនេះរង់ចាំការវះកាត់យកគ្រាប់ចេញសិន ទើបសន្និដ្ឋានបាន។ បច្ចុប្បន្ន ករណីនេះត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងស្វែងរកមូលហេតុ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ដែរថា ករណីនេះសមត្ថកិច្ច មិនទាន់រកប្រភពច្បាស់លាស់នៅឡើយទេ ដោយសារតែជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ