រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ខុនដូ UK ៦១៨ ដែលជាសាខាខុនដូUK ៥២៤ ដែលជនសង្ស័យច្របាច់ក សម្លាប់ស្រីស្នេហ៍រួចលោតសម្លាប់ខ្លួនកាលពីម្សិលមិញ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបន្ទប់លេខ៦០១ ជាន់ទី៦ អាគារខុនដូ UK ៦១៨ ដែលស្ថិតនៅតាមផ្លូវលេខ៦១៨ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នារីដែលដេកស្លាប់ឈ្មោះ សេង ចាន់លាភ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានទីលំនៅភូមិឬស្សី ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល ប្អូនស្រីបង្កើតជនរងគ្រោះ បានគោះទ្វារបន្ទប់ហៅដោយពុំឮឆ្លើយតបក៏បានទៅប្រាប់សន្តិសុខ ហើយនាំគ្នាគាស់សោចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញនារីរូបនោះ ដេកស្លាប់នៅលើគ្រែ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យ ។
តាមប្អូនស្រីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នាងបានជួលបន្ទប់ស្នាក់នៅជាមួយបងស្រី ហើយបងស្រី មានមិត្តប្រុសម្នាក់ តែងតែមកស្នាក់នៅជាមួយ។ នៅវេលាម៉ោងប្រហែល០១រំលងអធ្រាត្រចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ មិត្តប្រុសបងស្រី បានមកដល់បន្ទប់ ហើយបានត្រឡប់ទៅវិញនៅវេលាទៀបភ្លឺ ។
តាមព័ត៌មានបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ០៧ និង៣០នាទីព្រឹក ប្អូនស្រីបានគោះទ្វារបន្ទប់របស់បងស្រីដើម្បីសួរនាំ តែពុំឃើញឆ្លើយតប ក៏ពុំបានចាប់អារម្មណ៍ ព្រោះបងស្រីតែងតែសម្រាករហូតដល់ថ្ងៃ។ លុះដល់វេលាយប់ ក៏បានគោះទ្វារហៅបងស្រីម្ដងទៀតនៅតែពុំឆ្លើយតបក៏ប្រាប់សន្តិសុខហៅជាងមកគាស់ទ្វារចូលមើលទើបដឹងថា បងស្រីដេកស្លាប់ ។
តាមប្អូនស្រីជនរងគ្រោះ បានឱ្យដឹងទៀតថា កន្លងមកជនរងគ្រោះធ្លាប់មានជំងឺគ្រុនឈាម និងសុខភាពខ្សោយ មិននឹកស្មានថា គាត់ដេកស្លាប់បែបនេះ ។
បន្ទាប់ពីភ្ញាក់ផ្អើលសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យសាកសពនិងកន្លែងកើតហេតុ។ តាមការត្រួតពិនិត្យលោក វេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រទះឃើញនារីរងគ្រោះរូបនោះដេកស្លាប់ នៅក្នុងបន្ទប់ខុនដូ UK៦១៨នេះ ធ្វើឲ្យមានការយល់ច្រឡំ ដោយខ្លៈថា ជាខុនដូ UK ដែលជនសង្ស័យច្របាច់ក សម្លាប់ស្រីស្នេហ៍រួចលោតសម្លាប់ខ្លួនកាលពីម្សិលមិញ។ តាមពិត មិនមែននោះទេ ខុនដូ UK ៥២៤ ដែលជនសង្ស័យច្របាច់ក សម្លាប់ស្រីស្នេហ៍ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៥២៤ ភូមិ១៣ សង្កាត់បឹងកក់១ ។ ចំណែកខុនដូ UK ៦១៨ ដែលជនរងគ្រោះគាំងបេះដូងស្លាប់នេះ ស្ថិតនៅតាមផ្លូវលេខ៦១៨ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
បន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់នៅក្នុងខុនដូ UK ទាំងពីរសាខានេះ ក៏បានធ្វើឲ្យភ្ញៀវ ដែលស្នាក់នៅមានការភ័យខ្លាចខ្លះក៏បាននាំគ្នារើអីវ៉ាន់ចាកចេញទៅស្នាក់នៅកន្លែងផ្សេងផងដែរ ៕



ចែករំលែកព័តមាននេះ