រាជធានីភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គិសនី បានបង្កជាគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះឈើប្រក់ស័ង្កសី ចំនួន៧ខ្នង ម៉ូតូ ២គ្រឿង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀតអស់ទាំងស្រុង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (ចំណុចខាងក្រោយទីលានចាក់សំរាមចាស់) ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ដើមហេតុ នៃអគ្គិភ័យនេះបានចាប់ផ្តើមចេញពីផ្ទះឈើមួយខ្នង ដោយមានផ្សែងខ្មៅ និងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ដោយសារផ្ទះនៅតំបន់នោះសង់ជាប់ៗគ្នា ផ្សំជាមួយខ្យល់បក់ខ្លាំង ធ្វើឱ្យភ្លើងរាលដាលយ៉ាងលឿន រហូតម្ចាស់ផ្ទះមិនអាចជញ្ជូនទ្រព្យសម្បត្តិចេញទាន់ពេលវេលឡើយ ។
ភ្លាមៗនោះ ប្រជាពលរដ្ឋជិតខាងបានស្រែកឆោឡោ ព្រមទាំងប្រមូលបំពង់ពន្លត់អគ្គិភ័យ និងបាញ់ទឹកសង្គ្រោះបឋម ព្រមទាំងរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជាប្រញាប់ ។
ក្នុងប្រតិបត្តិការបង្ការ និងពន្លត់នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៦គ្រឿង (រួមមានរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ, រថយន្តកងរាជអាវុធហត្ថរាជធានី, រថយន្តបុរីប៉េងហួត និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា) ទើបអាចគ្រប់គ្រង និងបាញ់ពន្លត់បានទាំងស្រុង។
ទោះបីជាគ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះ ៧ខ្នង និងម៉ូតូ ២គ្រឿង អស់ទាំងស្រុងយ៉ាងណាក្តី ប៉ុន្តែមិនបានបណ្តាលឱ្យនរណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា មូលហេតុពិតប្រាកដគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕








ចែករំលែកព័តមាននេះ