ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលក្រុងកំពង់ឆ្នាំង ចុះធ្វើតេស្តរកសារធាតុញៀ.នលើមន្ត្រី បើ​វិជ្ជមាន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយស្វ័យប្រវត្តិ

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្នងការ​រង​នគរបាល ខេត្តកំពង់ឆ្នាំង ទទួល​ផែន​គ្រឿងញៀន បញ្ជាក់​ថា មន្ត្រីរាជការ រដ្ឋបាល​សាធារណៈ អាជ្ញាធរ​ភូមិ ឃុំ ក្រោយ​ពីរ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន បើសិនជា​ពិនិត្យ​ឃើញ​វិជ្ជមាន នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ដោយ​ស្វ័យប្រវត្តិ​។ លើក​ឡើង​ដូចនេះ​នា​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បាន​រៀបចំ​ពិធី​ចុះ​ពិនិត្យ និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ចំពោះ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់​ដែល​ស្ថិត​ក្រោម​ឱវាទ​រដ្ឋបាល​ក្រុង​។

លោក ហ៊ុ​ល វាសនា ស្នងការ​រង បញ្ជាក់ ថា ការ​ចុះ​អនុវត្ត​វិធានការ​ផ្ទាល់​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព​នៃ «​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៩» ដែល​ជា​នយោបាយ​អាទិភាព​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រមទាំង​លើកកម្ពស់​ជំនឿ​ទុកចិត្ត ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​។

ស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន បន្ថែម​ថា រាជរដ្ឋាភិបាល បាន​ណែនាំ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អនុវត្ត​វិធានការ​សំខាន់​ៗ​ចំនួន ៣ ចំណុច​៖

១. បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ យោធិន និង​មន្ត្រី​ជាប់កិច្ចសន្យា ជុំវិញ​ការ​ប្រើប្រាស់ ឬ​ការ​ប្រព្រឹត្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់​។

២. អនុវត្ត​វិន័យ​ឥត​លើកលែង (​ចាត់វិធានការ​ក្តៅ​) ត្រូវ​បញ្ចប់​មុខ​តំណែង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ភ្លាម​ៗ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន ឬ​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។

៣. ទណ្ឌកម្ម​ផ្លូវច្បាប់ ការ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ (​ដេញ​ចេញពី​ក្របខ័ណ្ឌ​) នេះ មិន​រារាំង​ដល់​ការ​អនុវត្ត​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ឡើយ​។ មាន​ន័យ​ថា ប្រសិនបើ​រក​ឃើញ​បទល្មើស ជន​បង្ក​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​បន្ថែម​ទៀត​។

សកម្មភាព​នា​ព្រឹក​នេះ ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​នយោបាយ​ដ៏​ស្មោះត្រង់ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ក្នុង​ការ​លាង​សម្អាត​ស្ថាប័នរដ្ឋ​ឱ្យ​ស្អាតស្អំ គ្មាន​គ្រឿងញៀន និង​ជា​គំរូ​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕