គ្មានរឿងអីដែលត្រូវរួចខ្លួនទេ ល្បីណាស់ ៩ពាន់ដុល្លារ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២រូប សង្ស័យជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយយកលុយ ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់ ។ មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលផ្អាកការងារ រួមមាន ៖ ១) លោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ២) លោកវរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកការងារមន្ត្រីនគរបាលទាំងពីររូបនេះ ព្រោះប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ ។ដោយឡែកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រេចខាងលើនេះ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងាររបស់ក្រសួងមហាផ្ទៃ ។
តាមប្រពភពព័ត៌មានចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលទាំងពីររូបខាងលើនេះ កើតមានបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមួយពាក់ព័ន្ធការយកលុយចំនួន ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់ កាលពីពេលថ្មីៗកន្លងមកនេះ ។ ពាក់ព័ន្ធការយកលុយនេះ កាលពីយប់មិញកម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ធន់ នៅអាហារដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង ។ បុរសរូបនេះគេឱ្យឈ្មោះថា «ចៃប៉ូលិស» ជាអ្នកដើរតួយកលុយពីឈ្មួញប្រគល់ឱ្យប៉ូលិស និងជាអ្នកទទួលលុយពីអ្នកដឹកក្រណាត់ ។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការតាមនីតិវិធី ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ