ពលករខ្មែរក្មេង-ចាស់ធ្វើការនៅថៃ បានវិលត្រឡប់ចូលស្រុកវិញតាមច្រករបៀងស្ទើររាល់ថ្ងៃនៅស្រុកកំរៀង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់ចូលប្រទេសកំណើតវិញ ស្ទើររាល់ថ្ងៃតាមច្រករបៀងនានា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំរៀង ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរស្រុកកំរៀង ។ អភិបាលស្រុកកំរៀង លោក សុខ ដែន បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ កញ្ញា នេះថា លំហូរពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បានវិលចូលប្រទេសកំណើតខ្លួនវិញស្ទើររាល់ថ្ងៃ តាមច្រករបៀងនានា ក្នុងភូមិសាស្ត្រស្រុកកំរៀង ។

លោកថា ពលករទាំងនោះ ភាគច្រើនពុំមានលិខិតឆ្លងដែន ហើយពួកគាត់បានវិលត្រឡប់ចូលស្រុកវិញដោយខ្លួនឯង មិនមែនអាជ្ញាធរថៃចាប់បញ្ជូនមកវិញទេ ។ ហើយពួកទាហានថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែនក៏មិនរារាំងដែរ តែពួកគេបើកឲ្យឆ្លងដែនតាមច្រករបៀង មិនមែនបើកឲ្យឆ្លងតាមច្រកទ្វារអន្តរជាតិជាផ្លូវការទេ ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី០១ កញ្ញា ពលរដ្ឋខ្មែរប្រុស-ស្រី រួមទាំងកុមារតូចៗផងប្រមាណ៦០នាក់បានវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកំណើតវិញ តាមច្រករបៀងនានានៅក្នុងទឹកដីស្រុកកំរៀង ។ យោងតាមរបាយការណ៍ដែលកោះសន្តិភាពទទួលបាន៖ ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលប្រទេសកំណើតវិញមានចំនួន៦០នាក់ ក្នុងនោះ មានស្រីចំនួន៣២នាក់ និងមានកុមារចំនួន១០នាក់ ។

ក្រុមពលរដ្ឋទាំងនេះ ឆ្លងចូលតាមច្រករបៀងចំនួន០២កន្លែង គឺច្រករបៀង «ដើមពុតទ្រា» ស្ថិតនៅភូមិកណ្ដាល ឃុំត្រាង និងច្រករបៀង «កំពង់តាម៉ន» ស្ថិតនៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។ ពួកគេត្រូវបានអាជ្ញាធរស្រុកកំរៀង រៀបចំបញ្ជូនទៅកាន់ស្រុកកំណើតរៀងៗខ្លួន បន្ទាប់ពីបញ្ជូនចូលដល់មណ្ឌលទទូលពលករក្នុងស្រុកនេះ ដើម្បីអប់រំណែនាំ ។

អភិបាលស្រុកកំរៀង លោក សុខ ដែន បានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងអស់ ពុំមានឯកសារឆ្លងដែនជាក់លាក់ទេ ។ ពួកគេបានស្ម័គ្រចិត្តវិលត្រឡប់ចូលប្រទេសកំណើតវិញ ។ ពេលជិះរថយន្នឈ្នូលមកដល់ព្រំដែន ពួកទាហានថៃ បានបើកផ្លូវឲ្យឆ្លងដែនតាមច្រករបៀង មិនមែនបើកផ្លូវឲ្យឆ្លងដែនតាមច្រកទ្វារអន្តរជាតិទេ ។ លោកបានបញ្ជាក់ដែរថា សកម្មភាពវិលត្រឡប់ចូលប្រទេសកំណើតវិញរបស់ពលរដ្ឋខ្មែរ ដែលធ្វើការងារនៅប្រទេសថៃបែបនេះតិចឬច្រើន គឺកើតមានឡើងស្ទើររាល់ថ្ងៃ តែឆ្លងតាមច្រករបៀង ៕
ចែករំលែកព័តមាននេះ