ភាពក្រីក្រមិនមែនជាឧបសគ្គទេ ! កូនកសិករកំពង់ត្រឡាចរូបនេះ ជម្នះការខ្វះខាតដណ្តើមបាននិទ្ទេស A ទាំងក្ដុកក្ដួល
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ភាពក្រីក្រមិនមែនជាឧបសគ្គទេ បើយើងមានការតស៊ូពិតប្រាកដ! លទ្ធផលនិទ្ទេស A មួយនេះ គឺជាកាដូដ៏វិសេសវិសាលបំផុត ដើម្បីតបស្នងសគុណដល់ឪពុកម្ដាយដែលនឿយហត់រកប្រាក់ចិញ្ចឹមបីបាច់កន្លងមក ។

ជាក់ស្តែងយុវសិស្ស ស៊ុយ ពិសី រៀនថ្នាក់ទី១២ «A» ផ្នែកវិទ្យាសាស្ត្រ នៃវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច បានខិតខំតស៊ូរៀនសូត្ររហូតដណ្តើមបាននិទ្ទេស «A» ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) យ៉ាងត្រចះត្រចង់ ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

រដ្ឋបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងបន្ថែមថា យុវសិស្សឆ្នើមរូបនេះ គឺជាកូនច្បងនៅក្នុងគ្រួសារកសិករមួយ ដែលមានឪពុកឈ្មោះ ម៉ែន ស៊ីម អាយុ៤៩ឆ្នាំ ជាកសិករ និងម្តាយឈ្មោះ ខាន់ ធីម អាយុ៤៣ឆ្នាំ ជាកម្មការិនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ទោះបីជាមានជីវភាពសាមញ្ញ និងត្រូវធ្វើដំណើរពីផ្ទះទៅសាលារៀនចម្ងាយប្រមាណ ៤គីឡូម៉ែត្រជារៀងរាល់ថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងការតាំងចិត្ត និងការព្យាយាមរហូតទទួលបានជោគជ័យដ៏ធំធេងនេះឡើយ ៕
ចែករំលែកព័តមាននេះ