ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិបង់​ក្លា​ដេ​ស១៨​នាក់ នៅ​ខណ្ឌ​បឹង​កេងកង ពាក់ព័ន្ធបទល្មើស​ឆបោកតាមអនឡាញ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បង់​ក្លា​ដេ​ស ១៨​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក យក​ប្រាក់​ទៅ​វិនិយោគ ត្រូវ​បាន​អាជ្ញាធរឆ្មក់បង្ក្រាប បានពេលកំពុង​ធ្វើ​សកម្មភាព​ឆបោក​តាមអនឡាញ ។

ការ​ចុះឆ្មក់​នេះ​ដែរ ​ធ្វើ​ឡើង​កាលពី​វេ​ល​ម៉ោង០៣និង​៥០​នាទី​រសៀល​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​៥BE០ ផ្លូវ​លេខ​២៩៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយលោក សុខ ស​ម្ប​តិ្ត អភិបាល​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​បង្ក្រាប​ទីតាំងដែល​សង្ស័យ​ប្រព្រឹត្ត​បទល្មើសឆបោក​អន​ឡាញ​ស្កេ​ម ។

ជា​លទ្ធផល​បង្ក្រាប ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស ចំនួន ១៨​នាក់ (ស្រី ១​នាក់), វត្ថុ​តាង​រួម​មាន ៖ កុំព្យូទ័រ Allin one ចំនួន ១៧​គ្រឿង​, កុំព្យូទ័រ​យួរដៃ​ ចំនួន​១​គ្រឿង, ​ទូរសព្ទ​ផ្ទាល់ខ្លួន​ចំនួន ១៩​គ្រឿង, ទូរសព្ទ​បទល្មើស​៧​គ្រឿង​, លិខិតឆ្លងដែន ៥​ក្បាល, ​ប័ណ្ណ​ការងារ ២​ស្លឹក, ​ម៉ូតូ​ធំ ១​គ្រឿង ម៉ាក YAMAHA R15 ពណ៌​ខ្លៅ​លាយ​ខៀវ ស្លាក​លេខ ភ្នំពេញ 1GN-1774 ។

ក្រោម​ការ​ត្រួតពិនិត្យ​កោសល្យវិច័យ​បឋម ក្រុម​ជនសង្ស័យ​ប្រើប្រាស់​ប្រទេស​កម្ពុជា ​លួចលាក់​ប្រព្រឹត្ត​បទល្មើស ដោយ​ប្រើ​គណនី​តេ​លេ​ក្រាម​ជា​ច្រើន ដើម្បី​ឆបោក​បែប​វិនិយោគ​ក្លែងក្លាយ ក្រោម​រូបភាព​អូស​ទាញ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ប្រាក់ទៅ​ប្រទេស​បង់​ក្លា​ដេ​ស ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៨​នាក់ រួម​សម្ភារៈ​បទល្មើស បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​ច្បាប់ ៕