រាជធានីភ្នំពេញ ៖ សាកសពទារិកាម្នាក់ បានហើមជះក្លិនស្អុយ ដោយមានជាប់ទងសុកមកជាមួយ ត្រូវបានគេប្រទះឃើញ រុំក្រណាត់ និងច្រកថង់ខ្មៅ ចោលក្នុងធុងសំរាម ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុងក្រោយពេទ្យកាល់ម៉ែត ក្នុងភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីពលរដ្ឋ បានអោយដឹងថា មានអ្នករើសអេតចាយ បានរុះរើរកកំប៉ុងអេតចាយ ខណៈកំពុងកាយរក ក៏ស្រាប់តែឃើញសាកសពទារិកាម្នាក់ ដែលមានសភាពហើម នៅក្នុងធុងសំរាម មានច្រកថង់ខ្មៅ និងមានក្រណាត់រុំផងដែរ។ ភ្លាមៗ ផ្អើលដល់ពលរដ្ឋនៅក្បែរនោះ នាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកកាន់ទីតាំងកើតហេតុ ។
ក្រោយត្រួតពិនិត្យចប់រួចរាល់ អាជ្ញាធរមូលដ្ឋាន រួមនគរបាលជំនាញចក្ខុកោសល្យវិច័យ បានយកសពទៅបូជានៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ផងដែរថា ច្បាប់ការពារសិទ្ធិរស់រានមានជីវិតរបស់កុមារ គឺអនុវត្តយ៉ាងតឹងរ៉ឹងបំផុត។ ទោះបីជាអ្នកជាឪពុកម្តាយបង្កើតក៏ដោយ ក៏គ្មានសិទ្ធិណាមួយអាចលះបង់ ឬបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ទារក ឬទារិកាបានឡើយ។ រាល់អំពើបោះបង់កូនបង្កើត ដែលបណ្តាលឱ្យស្លាប់ នឹងត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ