ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​ចាប់ខ្លួន​មនុស្ស​៧​នាក់ ​រឹបអូស​បារី​១៣៥​ប៊ិក​ ដែល​ហោះ​ឆ្លង​ព្រំដែន​ចេញពី​ទឹកដី​ស្រុក​​កំ​រៀង

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​០៧​នាក់​​ត្រូវ​ទាហាន​ព្រំដែន​ថៃ​ចាប់ខ្លួន និង​រឹបអូស​បារី​ជាង​១៣០​ប៊ិក ដឹក​តាម​រថយន្ត​ចំនួន​០៣​គ្រឿង នៅ​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី៣១ សីហា កន្លង​ទៅ​ថ្មី​ៗ ដែល​គេ​អះអាង​ថា បារី​ទាំងនោះ​​ហោះ​ឆ្លង​ព្រំដែន​ចេញពី​ភូមិសាស្ត្រ ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ចូល​ទៅ​កាន់​ទឹកដី ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បូ​រី ប្រទេស​ថៃ ​។

​ប្រភព​មិន​បាន​និយាយ​ពី​មនុស្ស​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​ក្នុង​បទល្មើសរ​ត់​ពន្ធ​បារី​ ថា តើ​ជា​ជនជាតិ​ខ្មែរ ឬ​ជា​ជនជាតិ​ថៃ​នោះ​ទេ?  ប៉ុន្តែ​បាន​និយាយ​ថា  ក្រុម​រត់ពន្ធ​បារី​ទាំងនោះ ត្រូវ​ក្រុម​ទាហាន​ថៃ​ស្ទាក់​​ចាប់​បាន​ ពេល​កំពុង​ដឹក​ជញ្ជូន​បារី​តាម​រយៈ​រថយន្ត​ចំនួន​០៣​​គ្រឿង​ បម្រុង​​ចាក​ចេញពី​ទឹកដី​ខេត្ត​ច័ន្ទ​បូ​រី ឆ្ពោះទៅ​កាន់ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ ។ 

​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ថៃបាន​ឲ្យ​ដឹង​ថា  បារី​ចំនួន​១៣៥​ប៊ិក ​ត្រូវ​រឹប​អូស​ និងមនុស្ស​​​​ចំនួន​០៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន  ជាមួយនឹង​រថយន្ត​ចំនួន​០៣​គ្រឿង​ដឹក​ជញ្ជូន​បារី ​។​ បារី​ទាំងនោះ​​ត្រូវ​បាន​ឈ្មួញ​ខាង​ភាគី​កម្ពុជា​​លួច​នាំ​ចេញពី​ព្រំដែន ក្នុងភូមិ​សាស្ត្រ ស្រុក​កំ​រៀង ខេត្តបាត់ដំបង ឆ្លង​ចូល​ទឹកដី​ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បូ​រី នៅ​ពេល​យប់ ដែល​មាន​ឈ្មួញ​ខាង​ភាគី​ថៃ រង់ចាំ​ទ​ទួល​​យ៉ាង​សម្ងាត់​ ។ ប៉ុន្តែ​ត្រូវ​កម្លាំង​ទាហាន​ថៃ ស្ទាក់​ចាប់​​បាន​នៅ​ពេល​រថយន្ត​ទាំង​០៣​គ្រឿង​នោះ​ ដឹក​ចេញពី​ទឹកដី​ខេត្ត​ច័ន្ទ​បូ​រី ឆ្ពោះទៅ​កាន់ ខេត្ត​ស្រះ​កែវ នៃ​ប្រទេស​ថៃ​ ។

​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​មនុស្ស និង​បារី​ជាង​១៣០​ប៊ិក ដែល​ភាគី​ថៃ​ចោទ​ថា ត្រូវ​ជន​ទុច្ចរិត​លួច​នាំ​ឆ្លង​ដែន​ចូល​ពី​ប្រទេស​ក​កម្ពុជា ក្នុងភូមិ​សាស្ត្រ ស្រុក​កំ​រៀង​នេះ ពុំ​មាន​មន្ត្រី​ព្រំដែន​កម្ពុជា​ណា​ម្នាក់​ឆ្លើយ​ថា បានដឹង​ បានឮ​ទេ  ប៉ុន្តែ​គេ​បាន​និយាយ​ថា បានដឹង​នៅ​ពេល​បែកធ្លាយ​ព័​ត៌​មាន​ពី​ភាគី​ថៃ​មក​វិញ ​។

​សូម​បញ្ជាក់​ថា  ស្រុក​ចំនួន​០៣ ភាគ​ខាងលិច​នៃ​ទឹកដី​ខេត្តបាត់ដំបង គឺ​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​កំ​រៀង ត្រូវ​បាន​គេ​កត់​សម្គាល់ថា ហាក់​មានការ​ចន្លោះ​ប្រហោង ដែល​​មាន​មន្ត្រី​ និង​ឈ្មួញ​ទុច្ចរិត លួច​នាំ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់​ជា​ញឹក​ញាប់​ ។ ជា​ពិ​​សេស ​ទំនិញ​ «​បារី​» នេះ​តែ​ម្ដង​ ។  ពេល​ខ្លះ​ ត្រូវ​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា ស្ទាក់​ចាប់​បាន  ប៉ុន្តែ​ពេល​ខ្លះ​​​ ក៏​ត្រូវ​ពួក​ទាហាន​ថចាប់​បាន ​ក្រោយ​ពេល​ពួក​ឈ្មួញ​បញ្ជូន​ទំនិញ​ឆ្លង​ផុត​ពី​អូរ​ព្រំដែន ​។

​ឈ្មួញ​ដែល​តែង​លួច​នាំ​ទំនិញ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ សព្វ​ថ្ងៃនេះ​ ត្រូវ​គេ​កំណត់សម្គាល់​​បាន​ថា ជា​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​លុយ​ប្រចាំ​នៅ​តាម​តំបន់​ព្រំដែន​នោះ​តែ​ម្ដង ​។  មិនតែប៉ុណ្ណោះ​ គេ​ក៏​ស្គាល់ឈ្មោះ ស្គាល់​មុខ​ពួក​ឈ្មួញ​ទុច្ចរិត​ទាំង​នោះ​ដែរ រហូត​មានឈ្មោះ​ក្នុង​របាយ​ការ​ណ៍​ដែល​ធ្លាប់​បង្ក្រាប​បាន​ទៀត​ផង ​។ ​ប៉ុន្តែ​គេ​មិនឃើញ​ឈ្មួញ​ធំ​ណា​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ចាត់ការ​តាម​នី​តិ​វិធី​ច្បាប់​ឡើយ​ រហូត​មក​ទល់​ពេល​នេះ​ ។   

ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​កាន់តែ​បានដៃ បាន​ឱ​កាស​សមគំនិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​នេះ ដោយ​គ្មាន​ញញើត​ច្បាប់​ឡើយ​ ៕