រាជធានីភ្នំពេញ ៖ បង្កើតកំណត់ត្រាថ្មីដ៏គួរឱ្យស្ញប់ស្ញែង! នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦នេះ សិស្សានុសិស្សនៃសាលាជំនាន់ថ្មី (NGS) វិទ្យាល័យព្រះស៊ីសុវត្ថិ បានសាងលទ្ធផលយ៉ាងត្រចះត្រចង់ ដោយក្នុងមួយថ្នាក់មានបេក្ខជនសរុប៣៦នាក់ ទទួលបាននិទ្ទេស A រហូតដល់ទៅ ៣២នាក់ ។ នេះបើយោងតាមផេកសាលា (NGS) បានប្រកាសនាព្រឹកថ្ងៃទី០២ ខែកញ្ញានេះ ។

លទ្ធផលដ៏លេចធ្លោស្ទើរតែ ១០០% នេះ បានធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សផ្ទាល់ ក៏ដូចជា ការប្តេជ្ញាចិត្តរបស់លោកគ្រូ-អ្នកគ្រូ និងការរៀបចំប្រព័ន្ធអប់រំដ៏រឹងមាំរបស់សាលាជំនាន់ថ្មី ក្រោមគោលការណ៍ «អ្នកចេះ គឺជាប់»។
ភាពជោគជ័យនេះ មិនត្រឹមតែជាមោទនភាពសម្រាប់វិទ្យាល័យព្រះស៊ីសុវត្ថិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្ត និងជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សជំនាន់ក្រោយក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនផងដែរ ។

សូមបញ្ជាក់ថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប១២៥ ៩៧៥នាក់ ត្រូវជា៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន២០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេសD ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេសE ចំនួន៤៦ ៨១៤នាក់ ៕
ចែករំលែកព័តមាននេះ