ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាក់​ឌុ​ប​ឆ្នាំ​នេះ​! មុខ​វិជ្ជា​គណិត​វិទ្យា​ធ្លាក់​ច្រើន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៦នេះ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ប្លែក ដោយ​សារ​តែ​លទ្ធផល​ពិន្ទុ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត ជា​ពិសេស​មុខ​វិជ្ជា «​គណិត​វិទ្យា​» គឺ​បេក្ខជន​ជា​ច្រើន​ធ្លាក់ដោយ​ទទួល​បាន​ត្រឹម​និទ្ទេស F ប៉ុណ្ណោះ ។

យោង​តាម​ការ​ពិនិត្យ​លើ​តារាង​លទ្ធផល​តាម​មណ្ឌល​ប្រឡង ដែល​ក្រសួង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ព្រឹក​មិ​ញ​នេះ គេ​សង្កេត​ឃើញ​ថា បេក្ខជន​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​មាន​អត្រា​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា​ខ្ពស់​ខុស​ពី​ធម្មតា​ច្រើន ។ ក្នុង​ចំណោម​នោះ បណ្ដា​ខេត្ត​ដែល​បង្ហាញ​វត្តមាន​និទ្ទេស F លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ច្រើន​រួម​មាន ៖ ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង បន្ទាយ​មាន​ជ័យ កំពត ត្បូងឃ្មុំ កំពង់ស្ពឺ កណ្ដាល កំពង់ឆ្នាំង ស្វាយ​រៀង ពោធិ៍សាត់ ព្រះ​សីហ​នុ និង​ក្រចេះ ជាដើម ។

ការ​ធ្លាក់​ចុះ​នៃ​ពិន្ទុ​គណិត​វិទ្យា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ទាញ​ទម្លាក់​មធ្យមភាគ​ពិន្ទុសរុប ក៏​ដូច​ជា​កាត់​បន្ថយ​ឱកាស​ទទួល​បាន​និទ្ទេស​ល្អ​ៗ (A, B, C) របស់​សិស្សានុសិស្ស​ជា​ច្រើន​រូប​ផង​ដែរ ។

ទោះជា​យ៉ាងណា ជុំវិញ​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​រឹង​មាំ​លើ​ការ​ពង្រឹងគុណភាព​អប់រំ​ទូ​ទាំង​ប្រទេស ក្រោម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ស្រប​តាម​ទិស​ស្លោក «​អ្នកចេះ គឺ​ជាប់​» ។
គោលការណ៍​ដ៏​ម៉ឺងម៉ាត់​នេះ ត្រូវ​បាន​អនុវត្ត​ឡើង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ត្រឹមត្រូវ យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់ និង​ធានា​ថា លទ្ធផល​ដែល​ចេញ​មក គឺ​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​ពិតប្រាកដ​របស់​សិស្ស​គ្រប់​រូប​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ឡើយ ។

សូមបញ្ជាក់ថា ជា​លទ្ធផល បេក្ខជន​ប្រឡង​ជាប់​សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយ​នៃ​ចំនួន បេក្ខជន​មក​ប្រឡង​។ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ២ ០២២ នាក់​, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់​, និទ្ទេស C ចំនួន ២៣ ៤២២ នាក់​, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់​, និង​និទ្ទេស E ចំនួន ៤៦ ៨១៤ នាក់​ ៕