រាជធានីភ្នំពេញ ៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារនគរបាលចរាចរណ៍ បានបើកកិច្ចប្រជុំពង្រឹងបន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ ដើម្បីផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសីលធម៌ សុជីវធម៌ និងការគោរពពលរដ្ឋ ទោះបីពួកគាត់បើកបរល្មើសច្បាប់ហើយក៏ដោយ ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយការិយាល័យចរាចរណ៍ជើងគោក លោកនាយរងការិយាល័យ លោកអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធផងដែរ ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ ដើម្បីផ្សព្វផ្សាយឲ្យមន្ត្រីអនុវត្តកិច្ចការងារ ត្រូវអនុវត្តច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អមជាមួយសីលធម៌ សុជីវធម៌ និងការគោរព ជាមួយពលរដ្ឋ បើទោះបីជាពួកគាត់បើកបរល្មើសច្បាប់ហើយក៏ដោយ។ ពិសេសការបន្តផ្សព្វផ្សាយអប់រំបន្ថែមឲ្យបានច្រើន សម្រាប់ពលរដ្ឋអ្នកដំណើរ លើការបើកបរល្មើសច្បាប់ខ្លះ ដែលមិនឋិតក្នុងការល្មើសធ្ងន់ធ្ងរ ។
កិច្ចប្រជុំនេះ បានធ្វើឡើង ស្របពេលដែលកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បាននឹងកំពុងចាប់ផ្តើមអនុវត្តវិធានការចុះរឹងបន្តឹងច្បាប់ចរាចរណ៍ឡើងវិញជាថ្មី ក្នុងថ្ងៃដំបូងផងដែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕





ចែករំលែកព័តមាននេះ