រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បម្រើការនៅក្នុងក្លឹបកម្សាន្តនៅពេលរាត្រីមួយ បានធ្វើដំណើរទៅប៉ុនប៉ងលោតទឹកទន្លេ បន្ទាប់ពីមេការ បានថតរូបនាង រួចបង្ហោះចែកចាយជាសាធារណៈ ហើយនាងស្នើសុំផេកមួយចំនួន លប់ចេញ មិនព្រមក៏តូចចិត្ត ធ្វើដំណើរទៅលោតទឹកទន្លេ តែមិនបានសម្រេច ។
ការប៉ុនប៉ងនេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេលវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីដែលគិតខ្លីរូបនោះ ប្រាប់អោយដឹងថា នាងឈ្មោះ ជីង អាយុ១៩ឆ្នាំ ធ្វើការនៅភោជនីយដ្ឋាន និងខារ៉ាអូខេមួយ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីវ័យក្មេងរូបនោះ បានទៅអង្គុយយំ នៅលើស្ពាន ដែលគេសង្ស័យថា នាងមានវិបត្តិអ្វីមួយ បានប៉ុនប៉ងលោតទឹក តែពុំដាច់ចិត្ត។ ខណៈនោះ មានស្ត្រីម្នាក់ បានឃាត់សួរនាំ ទើបដឹងថា នាងតូចចិត្តខ្លួនឯង ប៉ុនប៉ងមកលក់ទឹក បន្ទាប់ពីបណ្ដាញសង្គម បានយករូបនាង ដែលមេការថតនៅកន្លែងធ្វើការនៅពេលរាត្រី បង្ហោះជាសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាក់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង ព្រមទាំងខ្លាចឪពុកម្តាយដឹង ។
ការប៉ុនប៉ងលោតទឹកនេះ បន្ទាប់ពីរូបនាងបានស្នើសុំទៅផេកមួយចំនួន ដែលបានបង្ហោះរូបនាងជាសាធារណៈនោះ ឲ្យលុបតែផេកមួយចំនួននោះ មិនព្រមលប់តាមការស្នើសុំរបស់នាងនោះឡើយ ។
តាមព័ត៌មានឲ្យដឹងថា បន្ទាប់ពីអ្នកដំណើរឃាត់ និងលួងលោមនាងកុំឲ្យគិតខ្លី ក្រោយមកនាងក៏បានធ្វើដំណើរទៅរកអ្នកសារព័ត៌មានធ្វើការឡាយ និងទទួចស្នើសុំឲ្យម្ចាស់ផេក ដែលបង្ហោះរូបនាងលប់ចេញ ។
ស្ត្រីម្នាក់ឈ្មោះ ម៉េង ហ័ង ដែលជាអ្នកដំណើរ បានប្រាប់អោយដឹងថា នៅពេលដែលនាងធ្វើដំណើរឆ្លងស្ពាន ក៏ប្រទះឃើញស្ត្រីរូបនេះអង្គុយយំ នាងក៏មានការអាណិតអាសូរ ក៏បានឈប់ទៅសួរនាំ និងលួងលោមកុំឲ្យគិតខ្លី។ ខណៈពេលនោះ នាងយំ ក៏បានរៀបរាប់ពីរឿងរ៉ាវ ដែលគេយករូបនាងទៅបង្ហោះ ព្រមទាំងជួយទាក់ទងសុំឲ្យម្ចាស់ផេកនោះលប់រូបវីដេអូរបស់នាងចេញ តែគេមិនព្រម ។
តាមនារីវ័យក្មេង ដែលមានវិបត្តិ រូបនោះបានឲ្យដឹងថា ទោះបីធ្វើការចឹងក៏ដោយ នាងមានកិត្តិយស មិនត្រូវយករូបនាងទៅបង្ហោះនោះទេ ក្លាចម៉ាកប៉ាដឹង សូមម្ចាស់ផេកដែលបង្ហោះលប់វីដេអូនាងចេញ ។
នារីមានវិបត្តិរូបនោះ បានអោយដឹងទៀងថា នៅពេលដែលនាងចូលធ្វើការដំបូង មេការបានថតរូបនាង ហើយនាងស្មានថា គេថតផុសក្នុងក្រុម ថានារីមកថ្មី មិននឹកស្មានថា គេថតបង្ហោះក្នុងបណ្តាញសង្គម និងមានការស៊ែរចែកចាយតៗគ្នាជាច្រើនធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ហើយនាងបានស្នើសុំផេក ដែលបង្ហោះឲ្យលុបចេញ តែផេកខ្លះ មិនបានចូលមើល និងផេកខ្លះទៀត សន្យាថា លុបតែមិនព្រមលុប ទើបធ្វើឱ្យនាងតូចចិត្តខ្លួនឯង ហើយធ្វើដំណើរមកប៉ុនប៉ងលោតទឹក តែពុំបានសម្រេច ។
គួរបញ្ជាក់ថា កន្លងមក មេការ និងម្ចាស់ភោជនីយដ្ឋាន ខារ៉ាអូខេ និងក្លឹបរាត្រីមួយចំនួន តែងតែថតនារីបម្រើការ ដែលជាបុគ្គលិករបស់ខ្លួន បង្ហោះជាសាធារណៈ នៅក្នុងផេករបស់ខ្លួន ដោយគ្មានការអនុញ្ញាត ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ៕





ចែករំលែកព័តមាននេះ