រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលឈរបន្ទោបង់ដាក់ផ្លាកសញ្ញាចរាចរណ៍ នៅកណ្ដាលទ្រូងផ្លូវហើយ មានការថតបង្ហោះនៅក្នុងបណ្ដាញសង្គម បានចូលខ្លួនមកអធិការដ្ឋានខណ្ឌសែនសុខ និងបានសុំទោសជាសាធារណៈ រួចត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា បុរសរូបនោះមានឈ្មោះ រឿន សីហា អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ១៩៤ ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលឈរបន្ទោបង់(នោម) លើសួនច្បារផ្លូវភ្លោះ នៅលើកំណាត់ផ្លូវហាន់ណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នោះហើយ ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនោះ បានទទួលស្គាល់កំហុសឆ្គង ដោយសុំទោសជាសាធារណៈ និងអោយអ្នកលេងបណ្តាញសង្គមសូមអភ័យទោសដល់រូបគាត់ នូវទង្វើខ្វះសីលធម៌ បង្កប៉ះពាល់អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលខ្លួនបានប្រព្រឹត្ត ។
បន្ទាប់ពីសុំទោស សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខ្វះសីលធម៌បែបនេះទៀតនៅតាមទីសាធារណៈ ។
ក្រោយទទួលស្គាល់កំហុសឆ្គង និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច លោកអធិការនគរបាលខណ្ឌសែនសុខ សុំគោលការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះនៅក្នុងបណ្ដាញសង្គម និងធ្វើការរិះគន់ពីទង្វើខ្វះសីលធម៌ លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ ចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ស្វែងរក ដើម្បីនាំខ្លួនមកចាត់វិធានការតាមជំនាញចំពោះមុខរបស់សមត្ថកិច្ច។តែដោយសារកំហុសបន្តិចបន្តួច ត្រូវបានសមត្ថកិច្ចអធ្យាស្រ័យ ហើយធ្វើការអប់រំ បន្ទាប់ពីបុរសរូបនោះបានសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខ្វះសីលធម៌តាមទីសាធារណៈ បែបនេះទៀត ៕




ចែករំលែកព័តមាននេះ