ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យស្រាវជ្រាវរកមុខបុរសម្នាក់ដែលឈរបន្ទោរបង់ដាក់ផ្លាកសញ្ញាចរាចរណ៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលឈរបន្ទោរបង់ដាក់ផ្លាកសញ្ញាចរាចរណ៍នៅកណ្ដាលទ្រូងផ្លូវដែលមានការថតបង្ហោះនៅក្នុងបណ្ដាញសង្គម ត្រូវបានលោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ ចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរក ដើម្បីនាំខ្លួនមកចាត់វិធានការតាមជំនាញចំពោះមុខរបស់សមត្ថកិច្ច ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅពេលថ្មីៗនេះ ករណីដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានបុរសម្នាក់បានបន្ទោរបង់ (នោម) ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយ នៅក្នុងខណ្ឌសែនសុខ ជាទង្វើខ្វះសីលធម៌ បង្កប៉ះពាល់អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ។
ចំពោះករណីនេះ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកបុរសនេះ ដើម្បីអនុវត្តចាត់វិធានការតាមជំនាញចំពោះមុខរបស់សមត្ថកិច្ច ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សក៍បានអំពាវឲ្យប្រជាពលរដ្ឋមានការចូលរួមលើកកម្ពស់ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈសង្គមឲ្យកាន់តែល្អប្រសើរ ៕

ចែករំលែកព័តមាននេះ