ស៊ីម៉ង់ត៍១៣.៥០តោន និងឥដ្ឋ១ម៉ឺនដុំជាជំនួយសប្បរសជនតាមរយៈ«ពូការ៉េបួន»ជូនដល់កងទ័ពសមរភូមិមុខ
- បាត់ដំបង
ខេត្តបន្ទាយមានជ័័យ ៖ ស៊ីម៉ង់ត៍យ៉ាងតិចចំនួន១៣,៥០តោន ឥដ្ឋចំនួន១០,០០០ដុំ និង បន្លែផ្លែឈើមួយចំនួនផង ដែលបានមកពីសប្បុរសជននានា តាមរយៈការគៀងគររបស់«ពូការ៉េបួន»បាននាំយកទៅប្រគល់ជូនដោយផ្ទាល់ដល់កងទ័ពសមរភូមិមុខ ប្រចាំទិសខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣១ សីហា ដើម្បីជួយបន្ថែមលើចំណុចខ្វះខាត ក្នុងការសាងសង់ទីបញ្ជាការជូរមុខរបស់កងទ័ព ។

«ពូការ៉េបួន»ជាអ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពម្នាក់នៅខេត្តបាត់ដំបង និង ជាអ្នកផ្ដូចផ្ដើមគំនិតគៀងគររកជំនួយឧបត្ថម្ភទាំងនេះ បាននិយាយថា អំណោយទាំងនេះបានមកពីសប្បុរសជននានា នៅខេត្តបាត់ដំបង ដែលបានផ្ដល់ជាថវិកាយកទៅទិញសម្ភារគ្រឿងសំណង់ ដើម្បីជួយឧបត្ថម្ភបន្ថែមលើកង្វះខាត ក្នុងការស្ថាបនាមួលដ្ឋានកងទ័ពជួរមុខ ប្រចាំទិសខេត្តបន្តាយមានជ័យ ។

អំណោយទាំងនោះរួមមាន ៖ ស៊ីម៉ង់ត៍ចំនួន១៣,៥០តោន ឥដ្ឋចំនួន១០,០០០ដុំ មានបន្ថែផ្លែឈើ និងថវិកាផ្ទាល់ខ្លួនរបស់សប្បុរសជនមួយចំនួនផង ដែលបានជុះជួយឧបត្ថម្ភផ្ទាល់ ។ របាយការណ៍របស់ «ពូការ៉េបួន» បានឲ្យដឹងថា ម្ចាស់អំណោយដែលបានផ្តល់ជូនកងទ័ពនៅសមរភូមិមុខខាងលើនេះ រួមមាន៖ ហាងលក់បាយ «ចែមុំ ម្ហូបខ្មែរ» ជួយឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន១០តោន, អ្នកលក់គ្រឿងចំណង់«មាន ចន្នី» ឧបត្តម្ភស៊ីម៉ង់ត៍ចំនួន០១តោន, អ្នកស្រី LY DYNET ឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន០១តោន, លោក លាង សុផល ឧបត្ថម្ភស៊ីម៉ង់ត៍ចំនួនកន្លះតោន, ឧបាសិកា លី ឃាម និងកូនចៅ ឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន០១តោន និងឥដ្ឋចំនួន៥០០ដុំ, លោក ព្រូញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ឧបត្ថម្ភឥដ្ឋចំនួន១០,០០០ដុំ, លោក ហួន វិទ្យា មេធាវីប្រចាំខេត្តបាត់ដំបង ឧបត្ថម្ភឥដ្ឋចំនួន២,០០០ដុំ, លោក សុធារ៉ា ឧបត្ថម្ភឥដ្ឋចំនួន៥០០ដុំ, អ្នកស្រី ម៉ីម៉ី អ្នកលក់ផ្លែឈើ ឧបត្ថម្ភឥដ្ឋចំនួន៥០០០ដុំ និងអ្នកស្រី សារឿង បានជួយឧបត្ថម្ភបន្លែរួមជាមួយនឹងថវិកាមួយចំនួនផង ។

ពាក់ព័ន្ធនឹងអំណោយនេះផងដែរ បើតាមលោក «ពូការ៉េបូន» បានបញ្ជាក់ថា អំណោយទាំងនេះ មួយផ្នែកធំបានមកពីហាងលក់បាយ «ចែមុំ ម្ហូបខ្មែរ» ដែលមានការចូលរួមដោយសប្បុរសជននានា ដែលជាអតិថិជនមកទទួលទានអាហារនៅហាងបាយ «ចែមុំម្ហូបខ្មែរ» ។
ពូការ៉េបួនបានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ននៅហាងលក់បាយ ចែមុំម្ហូបខ្មែរ ខ្ញុំបានបង្កើតហិបមូលនិធិមួយមួយដាក់នៅខាងមុខហាងបាយ ។ ជារៀងរាលថ្ងៃ ខ្ញុំបានចែករំលែកប្រាក់ផ្ទាល់ខ្លួន ដែលបានមកពីការលក់បាយសម្រាប់អិតិថិជនម្នាក់ចន្លោះពី៥០០រៀល ទៅ១០០០រៀល ដាក់ចូលក្នុងហិបសន្សំ ។ ជាមួយគ្នានោះ ក៏មានអតិថិជនជាច្រើនទៀត ដែលបានមកទទូលទានអាហារនៅហាងចែមុំម្ហូបខ្មែរ ក៏បានចូលរួមថិវកាផ្ទាល់ដាក់ចូលក្នុងហិបសន្សំនោះដែរ ។ ហិបមូលនិធិនេះ សន្សំរយៈពេល៥ខែ ទើបខ្ញុំបើកហិបរាប់ប្រាក់ម្ដង ដើម្បីប្រមូលទិញសម្ភារៈនានា ជួយឧបត្ថម្ភដល់កងទ័ពជូរមុខ» ។

ចំពោះស៊ីម៉ង់ត៍ចំនួន១០តោនរបស់ហាយលក់បាយ «ចែមុំម្ហូបខ្មែរ» គឺមួយផ្នែកធំបានមកពីការសន្សំប្រចាំថ្ងៃរបស់ហាងបាយ ចែមុំម្ហូបខ្មែរ និងមួយផ្នែកទៀត បានមកពីការចូលរួមរបស់អតិថិជនដែលមកទទូលទានអាហាររៀងរាល់ថ្ងៃដែរ ។
លោក ពូការ៉េបួន បានបញ្ជាក់ថា ការបើកហិបសន្សំប្រាក់លើកទី១នេះ ប្រមូលមូលនិធិបានចំនួនជាង៣លានរៀលសម្រាប់ការសន្សំរយៈពេល០៥ខែ ហើយលោកនឹងចាប់ផ្ដើមសន្សំប្រាប់ជាថ្មីនេះតទៅទៀត ដើម្បីជួយប្រមូលប្រាក់ជួយឧបត្ថម្ភបន្ថែមដល់កងទ័ពជួរមុខ ទៅតាមតម្រូវការ ៕



ចែករំលែកព័តមាននេះ