ធ្លាប់ជាប់គុ.ក៣ឆ្នាំពីបទហិ..ង្សា ចេញមកធ្វើចោរប្លន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនខិលខូចម្នាក់ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់អស់រយៈពេល៣ឆ្នាំ ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស លុះពេលចេញមកវិញមិនត្រឹមតែមិនរាងចាល កែប្រែខ្លួនឲ្យក្លាយទៅជាមនុស្សល្អនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់គ្រឿងញៀនរយៈពេល៧ឆ្នាំមកហើយ ។

មិនតែប៉ុណ្ណោះ បានបន្តធ្វើជាចោរប្លន់ ហើយបាននាំបក្ខពួក៥នាក់ទៀត ទៅកាប់ប្លន់យកម៉ូតូ១គ្រឿងពីបុរសម្នាក់ បណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរ ។ ប៉ុន្តែយកម៉ូតូមិនបានសម្រេចនោះទេ ដោយជនរងគ្រោះស្រែកផ្អើលដល់អ្នកភូមិចេញមកជួយទាន់ ហើយ៥ថ្ងៃក្រោយមក ជននោះក៏ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់បាន ។ ចំណែកបក្ខពួក៥នាក់ទៀត កំពុងគេចខ្លួននៅឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនឈ្មោះ ជឿន រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបក្ខពួក៥នាក់មិនស្គាល់អត្តសញ្ញាណ ។ ខណៈនោះ នគរបាលដកហូតបានម៉ូតូ១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១L៩៩៧២ និងកាំបិតផ្គាក់១ដើម ហើយវត្ថុតាងខាងលើនេះ គឺជារបស់ជនសង្ស័យ ។

ដោយឡែកបុរសរងគ្រោះឈ្មោះ ប៉ិច សារី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ស្នាក់នៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល រងរបួសបែកក្បាលធ្ងន់ ត្រូវគ្រូពេទ្យនៃមន្ទីរពេទ្យជាតិតេជោសន្តិភាពដេរចំនួន១៥ថ្នេរ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងចេញពីធ្វើការរោងចក្រ ហើយមិនបានទៅផ្ទះទេ គឺបានឆ្លៀតចូលទៅលេងផ្ទះម្ដាយបង្កើត ស្ថិតនៅក្នុងភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ។ លុះពេលទៅដល់បានជួបជជែកគ្នាលេងជាមួយម្ដាយ និងបងប្អូន ។ ក្រោយមកបានផឹកស្រាជាមួយប្អូនប្រុស បន្ទាប់ពីផឹកស្រាអស់២លីត្រ ទើបឈប់ផឹក រួចបុរសរងគ្រោះបានជិះម៉ូតូចេញពីផ្ទះម្ដាយទៅផ្ទះរបស់ខ្លួនវិញ ។ ពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ឃើញជន សង្ស័យ និងបក្ខពួកបានជិះម៉ូតូតាមពីក្រោយ ។

ពេលនោះជនសង្ស័យបានជិះវ៉ាជនរងគ្រោះ ហួសទៅមុខបានប្រហែល៥ម៉ែត្រ ក៏បានបត់ត្រឡប់មកក្រោយវិញ ហើយបានឈប់ស្ទាក់មុខម៉ូតូបុរសរងគ្រោះ រួចនាំគ្នាចុះពីលើម៉ូតូរបស់ខ្លួន ធ្វើសកម្មភាពកាប់ក្បាលជនរងគ្រោះ១កាំបិតផ្គាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកក្រុមចោរបម្រុងលើកម៉ូតូរបស់បុរសរងគ្រោះជិះគេចខ្លួន ប៉ុន្តែបុរសរងគ្រោះស្រែកថា«ចោរៗ ចោរប្លន់ម៉ូតូខ្ញុំហើយ» ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញទៅជួយ ទើបក្រុមចោរជិះម៉ូតូគេចខ្លួនសំដៅទៅផ្លូវជាតិលេខ៥១បាត់ស្រមោលទៅ ។

ក្រោយពេលទទួលបានដំណឹងនេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅកាន់កន្លែងកើតហេតុ និងបានបញ្ជូនបុរសរងគ្រោះទៅកាន់មណ្ឌលសុខភាពឃុំម្កាក់ ដើម្បីព្យាបាលរបួស ប៉ុន្ដែដោយសារតែរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យបញ្ជូនបន្តទៅកាន់មន្ទីពេទ្យជាតិតេជោសន្ដិភាពវិញ ។នគរបាលបានប្រាប់ឲ្យដឹងបន្ថែមថា លុះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ដោយមានបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងខេត្តកណ្ដាល ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់តាសែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឿន រស្មី រួមទាំងវត្ថុតាង នៅភូមិព្រៃទាន់ ឃុំចាន់តាសែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់មកបាននាំខ្លួនចោរទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ នៅចំពោះមុខនគរបាល ជនសង្ស័យមិនឆ្លើយសារភាពពីសកម្មភាពដែលបានកាប់ប្លន់ជនរងគ្រោះឡើយ ។ ប៉ុន្តែបានឆ្លើយសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តពោធិ៍សាត់រយៈពេល៣ឆ្នាំ ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ហើយពេលនេះ កំពុងប្រើប្រាស់ថ្នាំញៀនបានរយៈពេល៧ឆ្នាំហើយ ៕
ចែករំលែកព័តមាននេះ