រាជធានីភ្នំពេញ ៖ មន្ត្រីថ្នាក់ដឹកនាំក្រសួងការពារជាតិមួយក្រុមបានជួបប្រជុំពិភាក្សាគ្នាលើបញ្ហាស្វែងរកដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ក្រោមអធិបតីលោកនាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាព្រឹកថ្ងៃទី១១ សីហា ២០១១ នៅទីស្តីការក្រសួងការពារជាតិ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធីសាស្ត្រសមស្របណាមួយ ឈានដល់សហការល្អពិភាក្សាដោះស្រាយបញ្ហាព្រំដែនរវាងគណៈកម្មការព្រំដែនយោធភូមិភាគកម្ពុជា-ថៃ (RBC) នៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងលិច ដែលកំពុងកើតមានជម្លោះ ។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានទន្ទឹងរង់ចាំជាយូរមកហើយ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ជាមួយភាគីថៃដោយមានការចូលរួមជាអន្តរជាតិ ឬត្រីភាគី។
ចំណែករដ្ឋាភិបាលថៃ ដែលទើបបង្កើតថ្មីក្រោយការបោះឆ្នោតថ្ងៃទី៣ កក្កដា ២០១១ នោះ គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត មានសុទិដ្ឋិនិយមធ្វើយ៉ាងណាឱ្យទំនាក់ទំនងកម្ពុជា-ថៃ ឈានទៅរកភាពល្អប្រសើរទាំងបញ្ហាព្រំដែន និងសេដ្ឋកិច្ច។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ