ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកស្ទឹង​សង្កែ​ហក់​ឡើង​កម្ពស់​១៣.៥០​ម៉ែត្រ​​ អាច​ថយ​ចុះ​នៅ​រសៀល​ថ្ងៃនេះ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  គិត​ត្រឹម​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣១ សីហា នេះ ស្ថានភាព​ទឹក​នៅ​ដង​​​សង្កែ បាន​ហក់​ឡើង​ដល់​កម្ពស់​១៣.៥០​ម៉ែត្រ តែ​អាច​នឹង​ស្រក​ចុះ​វិញ ​ចាប់ពី​រសៀល​ថ្ងៃ​ដដែល​នេះ  ប្រសិនបើ​នៅ​ប៉ែក​ខាងលើ នៃ​ក្បាល​ស្ទឹង​ថមថយ​ទឹកភ្លៀង​ ។ នេះ​បើ​តាម​លោក ខៃ សុ​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត បាន​បញ្ជាក់​ប្រាប់​ ។

​លោក ខៃ សុ​ដា បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា  ពេល​នេះ (៣១.០៨.២៦) ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​ហក់​ឡើង​ខ្លាំង​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​តំបន់​ស្រុក​សំឡូត បាន​ថយ​ចុះ​ច្រើន​ហើយ​ ។ ​ហើយ​ស្ថានភាព​ទឹកបាន​ធ្លាក់​ចុះ​តាម​ដងស្ទឹង​សង្កែ មក​ប៉ែក​ខាងក្រោម​ ។ លោក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា នេះ​ ស្ថានភាព​ទឹក​នៅ​ក្នុង​ស្ទឹង​សង្កែ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ហក់​ឡើង​កម្ពស់​១៣.៥០​ម៉ែត្រ ដោយសារ​ស្រុង​ពី​ប៉ែក​ខាងលើ​មក ​។

​ដោយសារ​តែ​ស្ថានភាព​ទឹកស្ទឹង​ហក់​ឡើង​បែប​នេះ  ធ្វើ​ឲ្យ​ជន់​លិច​កំណាត់​ផ្លូវលំនៅ​ឋាន ឬ ផលដំណាំ​ខ្លះ​ៗ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រុក​ឯក​ភ្នំ តែ​ជំនន់​ទឹកភ្លៀង​នេះ វា​នឹង​ថយ​ចុះ​ចាប់ពី​រសៀល​ថ្ងៃ​ទី​៣១ សីហា នេះ​តទៅ បើ​ប៉ែក​ខាងលើ​ស្បើយ​ទឹកភ្លៀង​ ។ កាលពី​ថ្ងៃ​ទី ២៨-២៩ សីហា កន្លង​ទៅ ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា  នៅ​តំបន់​ស្រុក​សំឡូត ធ្វើ​ឲ្យ​លិចលង់​នៅ​តាម​ដងអូរ និង​តាម​ដងស្ទឹង​មួយ​ចំនួន ​។  ជា​ពិសេស ​នៅ​តាម​ដងស្ទឹង​ដំបង (​កំពង់ទូក​) ស្ថិត​នៅ​ឃុំ​មាន​ជ័យ ស្រុក​សំឡូត​ ។ សន្ទុះ​ទឹកភ្លៀង​បាន​ហក់​ឡើង​យ៉ាង​គំហុក នៅ​ថ្ងៃ​ទី​២៩ សីហា ធ្វើ​ឲ្យ​ជន់​លិច​ដងស្ទឹង​នេះ និង​លិចលង់​រមណីយដ្ឋាន​«​កំពង់ទូក​»​ខូចខាត​អស់​គ្មាន​សល់  ប៉ុន្តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដ៏​កាច​សាហាវ​នេះ​បាន​ចាប់ផ្ដើម​ថមថយ​ចុះ​វិញ ​។

​លោក ខៃ សុ​ដា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​បញ្ជាក់​ថា   ស្ថានភាព​ទឹកភ្លៀង​ហាក់​បាន​ធូរស្រាល​វិញ​ហើយ ​។ ដោយឡែក ​នៅ​ប៉ែក​ខាងក្រោម នៃ​ស្រុក​ឯក​ភ្នំ ដែល​ទឹក​កំពុង​ជន់​លិច​ខ្លាំង ដោយសារ​តែ​សម្រុង​ទឹកធ្លាក់​ចុះ​ពី​ខាងលើ ប៉ុន្តែ​ចាប់ពី​រសៀល​ថ្ងៃ​ទី​៣១ សីហា នេះ​តទៅ​ ស្ថានភាព​ទឹកនឹង​ចាប់ផ្ដើម​ថយ​ចុះ​ជា​បណ្ដើរ​ៗ​វិញ​ហើយ តែ​សន្ទុះ​ទឹកនឹង​អាច​ហក់​ឡើង​វិញ ប្រសិនបើ​ភ្លៀង​ធ្លាក់​នៅ​តំបន់​ប៉ែក​ខាងលើ  ជា​ពិសេស ​នៅ​ស្រុក​សំឡូត ​៕