ពួកប្រឆាំងមួយក្រុមនិយាយថា កងទ័ពស៊ីរី បានសម្លាប់ជនស៊ីវិល១៥នាក់ទៀតដែលធ្វើបាតុកម្មកាលពីថ្ងៃទី១០ សីហា នៅទីក្រុង HOMS ប្រឆាំងនឹងលោកប្រធានាធិបតីបាចា អាល់អា សាដ ដែលនៅតែធ្វើមិនដឹងមិនឮចំពោះការអំពាវនាវរបស់អន្តរជាតិឱ្យបញ្ឈប់ការបង្ក្រាបដោយបង្ហូរឈាម ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីអះអាងថា ជនស៊ីវិលយ៉ាងតិច១៥នាក់ បានត្រូវស្លាប់ក្នុងឱកាសការវាយលុករបស់កងទ័ពក្នុងសង្កាត់បាបអាមរ៉ូនៃទីក្រុង HOMS ។
កងទ័ពស៊ីរីត្រូវបានដាក់ពង្រាយចាប់តាំងពី៣ខែមកហើយនៅទីក្រុង HOMS ចម្ងាយ១៦៥គ.ម ខាងជើងក្រុងដាម៉ាស់ ហើយកាន់កាប់ទីលានសំខាន់នៃទីក្រុងនោះក្រោយបាតុកម្មទាំង ឡាយទាមទារបញ្ចប់របបស៊ីរីបច្ចុប្បន្ន ។
មនុស្ស២នាក់ក៏ត្រូវបាញ់ស្លាប់ដែរ នៅជាយក្រុងដាម៉ាស់ហើយនារីម្នាក់ស្លាប់ពេលកងយោធាលុកលុយចូលទីក្រុងទាំងឡាយនៅភាគខាងជើងប្រទេសជាប់ព្រំដែនតួកគី ។
កងទ័ពស៊ីរីកាលពីថ្ងៃទី១០ សីហា បានចាប់ផ្តើមដកចេញទាំងស្រុងពីខេត្ត IDLIB និងខេត្តហាម៉ា ជាទីលាននៃបាតុកម្មប្រឆាំងរដ្ឋាភិបាលចាប់តាំងពីជាង៥ខែមកហើយ ៕
ចែករំលែកព័តមាននេះ