ទីបំផុត! ដឹងមូលហេតុលើករណីអគ្គិភ័យឆាបឆេះផ្សារ «នាគមាស» ម្សិលមិញហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្សារផ្លែឈើA៥ ហៅផ្សារ «នាគមាស» ដែលអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីម្សិលមិញ បណ្ដាលឱ្យតូបលក់ផ្លែឈើ(ស្តង់)ចំនួន២១១តូប បានរងការខូចខាតរួមជាមួយសម្ភារៈ និងបន្លែផ្លែឈើរាប់តោន ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកឃើញមូលហេតុហើយ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ នេះបើតាមលោកវរសេនីយ៍ឯក ព្រហ្ម
យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងចុះស្រាយជ្រាវបានឱ្យដឹង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ ។

គួរបញ្ជាក់ថា ផ្សារផ្លែឈើA៥ ហៅផ្សារ«នាគមាស» ជាផ្សារលក់បោះដុំផ្លែឈើ និងបន្លែដ៏ធំ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣១ ក្នុងភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។

បន្ទាប់ពីកើតមាននូវគ្រោះអគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគរបាលជំនាញ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ,អង្គភាព និងក្រុមហ៊ុននានាបានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗ ប៉ុន្តែភ្លើងបានឆាបឆេះលឿនពេក ដោយសារតែធាតុឆេះ ជាតិស្នោ កុងផ្លាកេ និងហ្គាស ព្រមទាំងទីតាំងផ្សារសង់ជាប់ៗគ្នា និងមានការដាក់តាំងលក់នៅលើដងផ្លូវ ធ្វើឲ្យសមត្ថកិច្ចជំនាញមានការពិបាកក្នុងការគ្រប់គ្រង និងជួយសង្គ្រោះ ។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន៣៨គ្រឿងរួមមាន ៖ រថយន្តការិយាល័យ. អគ្គិភ័យចំនួន២១គ្រឿង,រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន០២គ្រឿង,រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន០៣គ្រឿង,រថយន្តអគ្គិភ័យកងពលតូច ង៧០ចំនួន ០១គ្រឿង, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន០២គ្រឿង,រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៣គ្រឿង,រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន០៣គ្រឿង,រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿង,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន១៨០ឡាន ហើយភ្លើងបានរលត់ទៅវិញ នៅម៉ោង១៦នឹង៣០នាទីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២៦ គឺប្រើប្រាស់អស់រយៈពេលជិត៤ម៉ោង ។

តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា ផ្សារផ្លែឈើA៥ ហៅ ផ្សារ នាគមាសដែល ត្រូវបានអគ្គីភ័យឆាបឆេះជាប្រភេទសំណង់ធ្វើពី ដែកប្រក់ស័ង្កសីដែលមានទំហំ ៦០ម៉ែត្រ គុណ១៤០ម៉ែត្រ ដែលមានម្ចាស់ គឺលោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ភេទ ប្រុស អាយុ ៧៥ឆ្នាំ។

តាមរបាយការណ៍ បានឲ្យដឹងថា អគ្គីភ័យនេះបណ្ដាអោយ ខូចខាតសម្ភារៈ និងឆេះតូប(ស្តង់)អស់ចំនួន ២១១តូបរួមនឹងសំភារះមួយចំនួន ។ទោះបីជាយ៉ាងណាពុំបណ្ដាឲ្យមនុស្សរងរបួសឡើយ ។បន្ទាប់ពីរងនូវការបំភ្លេចបំផ្លាញដោយសារគ្រោះអគ្គិភ័យ សមត្ថកិច្ចជំនាញក៏បានចុះធ្វើការស្រាវជ្រាវហើយបានរកឃើញពីមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕



ចែករំលែកព័តមាននេះ