អគ្គិភ័យដែលឆេះ «ផ្សារនាគមាស» រងការខូចខាតតូបផ្លែឈើចំនួន២១១តូប រួមនឹងសម្ភារមួយចំនួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្សារផ្លែឈើA៥ ហៅផ្សារនាគមាស ដែលត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្ដាលឱ្យតូបលក់ផ្លែឈើ(ស្តង់)ចំនួន២១១តូប បានរងការខូចខាតរួមជាមួយសម្ភារ និងបន្លែផ្លែឈើរាប់តោន ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅ ផ្សារផ្លែឈើA៥ ហៅផ្សារនាគមាស ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣១ ក្នុងភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺបានឮសូរសំឡេងផ្ទុះ ហើយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីស្តង់ផ្លែឈើមួយនៅកណ្ដាលផ្សារ ហើយឆេះរាលដាលយ៉ាងឆាប់រហ័សគ្របដណ្ដប់អគារផ្សារដំបូលស័ង្កសីដែលពោរពេញទៅដោយស្តង់បន្លែផ្លែឈើជាច្រើន ។ ដោយសារអំណាចនៃភ្លើងឆេះឡាំង និងកេសស្នោពេញបន្ទុក ផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ទន្ទឹមនឹងនោះ នៅរាជធានីភ្នំពេញគេឮតែសំឡេងរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះអគ្គិភ័យនេះ កម្លាំងនគរបាលជំនាញ ព្រមទាំងអង្គភាព និងក្រុមហ៊ុន មួយចំនួនបានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗ ប៉ុន្តែភ្លើងបានឆាប់ឆេះលឿនពេក ដោយសារតែធាតុឆេះជាតិស្នោ កុងផ្លាកេនិងហ្គាស ព្រមទាំងទីតាំងផ្សារសង់ជាប់ៗគ្នា ធ្វើឲ្យមានការពិបាកក្នុងការគ្រប់គ្រង ។ ម្យ៉ាងទៀត ដោយសារផ្សារលក់បន្លែ និងផ្លែឈើ ហើយអាជីវករដាក់តាំងលក់នៅលើដងផ្លូវ យើងមានការពិបាកក្នុងការសង្គ្រោះ ។

តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន៣៨គ្រឿង រួមមានរថយន្តការិយាល័យ. អគ្គិភ័យចំនួន២១គ្រឿង,រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន០២គ្រឿង,រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន០៣គ្រឿង,រថយន្តអគ្គិភ័យកងពលតូច ង៧០ចំនួន ០១គ្រឿង,រ ថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន០២គ្រឿង, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៣គ្រឿង, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន០៣គ្រឿង, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿង,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន១៨០ឡាន ហើយភ្លើងបានរលត់ទៅវិញ នៅម៉ោង១៦នឹង៣០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល គីប្រើប្រាស់អស់រយៈពេលជិត៤ម៉ោង។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា ផ្សារផ្លែឈើA៥ ហៅផ្សារនាគមាស ដែលត្រូវបានអគ្គិភ័យឆាបឆេះ ជាប្រភេទសំណង់ធ្វើពីដែកប្រក់ស័ង្កសី ដែលមានទំហំ៦០ម៉ែត្រ គុណ១៤០ម៉ែត្រ ដែលមានម្ចាស់លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ភេទប្រុស អាយុ៧៥ឆ្នាំ ។ តាមរបាយការណ៍បានឲ្យដឹងថា អគ្គិភ័យនេះ បណ្ដាអោយខូចខាតសម្ភារ និងឆេះតូប(ស្តង់)អស់ចំនួន២១១តូប រួមនឹងសម្ភារមួយចំនួន ។ ទោះបីជាយ៉ាងណា ពុំបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ។

ទាក់ទិននឹងនៃការកើតមានអគ្គីភ័យនេះ គេពុំទាន់ដឹងពីមូលហេតុនៅឡើយ ដោយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។
គួរបញ្ជាក់ថា ផ្សារA៥ហៅផ្សារនាគមាស ជាផ្សារលក់ផ្លែឈើបោះដុំចែកចាយទៅតាមបណ្ដាលខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា ។ ការឆាបឆេះផ្សារបោះដុំផ្លែឈើដ៏ធំនេះ អាចធ្វើឲ្យទីផ្សារនៃផ្លែឈើនឹងឡើងថ្លៃ ៕






ចែករំលែកព័តមាននេះ